បើកវគ្គបណ្តុះបណ្តាល និងតម្រង់ទិសស្តីពីគម្រោង«ការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ»

សៀមរាប៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលនៃក្រសួងអប់រំយុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងតម្រង់ទិសស្តីពីគម្រោងការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប ដោយមានសិក្ខាកាមសិស្ស និស្សិត និងយុវជន ក្នុងនិងក្រៅសាលា មកពី១២ខេត្តរួមមាន៖ ខេត្តកំពត ព្រះសីហនុ កំពង់ស្ពឺ ព្រៃវែង ក្រចេះ ត្បូងឃ្មុំ រតនគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ និងយុវជនស្ម័គ្រចិត្តជាគ្រូបង្គោលមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប សរុបចំនួនប្រមាណ២៥០នាក់។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីទ្បា លោក ពៅពិសិដ្ឋ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងតំណាងអង្គការ យូអ៊ិនវី មកពីប្រទេសថៃផងដែរ។ វគ្គបណ្តុះបណ្តាល ធ្វើឡើងដើម្បីផ្តល់ឱកាសដល់យុវជនទទួលបានចំណេះដឹងបន្ថែម សម្រាប់យកចំណេះដឹងទៅអភិវឌ្ឍន៍ក្នុងសហគមន៍ និងបង្កើតបណ្តាញក្នុងមូលដ្ឋានសម្រាប់ការយល់ដឹងពីគ្នាទៅវិញទៅមក សាមគ្គីភាព និងសហប្រតិបត្តិការក្នុងចំណោមយុវជននៅក្នុងសហគមន៍ ជាពិសេសទទួលបានការតម្រង់ទិសថា តើយុវជនជួយសហគមន៍បែបណា និងត្រូវចាប់ផ្តើមការងារដូចម្តេច និងបានផលប្រយោជន៍អ្វីខ្លះ?

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ជឿជាក់យ៉ាងមុតមាំថា យុវជនក្នុងសម័យសម្តេចតេជោ នឹងទទួលបាននូវពុទ្ឋិថ្មីសម្រាប់ការតម្រង់គោលដៅជីវិតរបស់ខ្លួនផងជាពិសេសអាចជួយលើកមុខមាត់កិត្តិយសយុវជនកម្ពុជា លើឆាកអន្តរជាតិបង្ហាញមនុស្សទូទាំងពិភពលោកបានស្គាល់ពីតម្លៃរបស់ជាតិខ្មែរក្នុងនាមជាអ្នកស្នងមរតកដូនតា ដែលធ្លាប់តែល្បីល្បាញ តាមរយៈប្រាសាទអង្គវត្តជាដើម។ លោកបានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមគ្រប់រូបនឹងប្រើប្រាស់ឱកាស និងចែករំលែកសមត្ថភាពរបស់ខ្លួនដល់យុវជនទាំង១២ខេត្ត ដែលស្ថិតក្នុងគម្រោង ហើយកម្មវិធីនៃគម្រោងនឹងបង្កើតការប្រឡងប្រណាំងការងារស្ម័គ្រចិត្តតាមសហគមន៍រយៈពេល៤ខែខាងមុខ ដើម្បីស្វែងរកជ័យលាភីផ្តាច់ព្រ័ត្តនៅថ្ងៃប្រារព្ធទិវាអន្តរជាតិ អ្នកស្ម័គ្រចិត្ត៥ធ្នូ ដែលមានឈ្មោះថា «ការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ» ដែលនឹងលើកទឹកចិត្តឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើគម្រោងណាមួយដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសហគមន៍ដែលអ្នកទាំងអស់គ្នាកំពុងរស់នៅ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីទ្បា បានលើកឡើងថា ក្រសួងអប់រំបានដាក់ចេញកម្មវិធីសកម្មភាព និងគោលដៅយុទ្ធសាស្ត្រ ដែលជួយលើកកម្ពស់តួនាទីរបស់យុវជនក្នុងការកសាងសហគមន៍ប្រកបដោយនិរន្តរភាព ដោយក្រសួងបានផ្តោតទៅលើគុណភាពអប់រំ រួមមានការអភិវឌ្ឍជំនាញផ្សេងៗ គុណតម្លៃ អាកប្បកិរិយា និងចំណេះដឹងដែលធ្វើឱ្យប្រជាពលរដ្ឋអាចដឹកនាំជីវិតប្រកបដោយការពេញចិត្ត និងសុខភាពល្អ និងផ្តល់ការសម្រេចចិត្តឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅកម្រិតតំបន់ និងសកល និងផ្តោតសំខាន់ទៅលើគុណភាព និងភាពច្នៃប្រឌិត និងតម្រូវឱ្យមានការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងការអប់រំគណិតវិទ្យា(Stem)។ លោកជំទាវ មានប្រសាសន៍ទៀតថា កម្មវិធីប្រកួតប្រជែងគម្រោង ការស្ម័គ្រចិត្តដើម្បីសហគម៍ខ្ញុំ បានជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន៦ គឺការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម និងបរិស្ថាន ដើម្បីឱ្យយុវជនប្រើប្រាស់សមត្ថភាពជំនាញចូលរួមក្នុងកម្មវិធីអភិវឌ្ឍសហគមន៍ ឆ្លើយតបទៅនឹងទស្សនទានរបស់រាជរដ្ឋាភិបាល យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងបង្កើនស្មារតីសាមគ្គីរួបរួមកម្លាំងចូលរួមជាមួយរាជរដ្ឋាភបាល ស្ថាប័ន អង្គការដៃគូ និងបុគ្គលដែលមានបេះដូងនិងបេសកកម្មដូចគ្នា លើការលើកស្ទួយនូវឧត្តមភាព កិត្តិនាមជាតិនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សិល្បៈ ជំនឿសាសនាដែលជាអត្តសញ្ញាណរបស់ជាតិ និងបន្តលើកកម្ពស់សមត្ថភាពជំនាញ ផលិតភាព ចំណេះដឹង និងបំណិនជីវិតរបស់យុវជនផងដែរ៕ម.ន ដោយៈ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner