អាជ្ញាធរជាតិអប្សរា ចុះបញ្ជីថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។ នេះបើតាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤នេះ។
ទាក់ទិនក្នុងរឿងនេះបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។
លោក អន សុភាព បានបន្ថែមថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។