សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសាររំលែកទុក្ខ ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសាររំលែកទុក្ខ ដោយសូមសម្តែងនូវទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះព្រះដំណើរអនិច្ចធម្ម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៥:៤០នាទីល្ងាច នៅវត្តឧណ្ណាលោម រាជធានីចតុមុខសិរីមង្គល ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ ។

សារបានបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាសម្តេចព្រះមហាថេរដែលមានព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមបំផុត ក្នុងមួយព្រះជន្មសម្តេចបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ ជាពិសេសចំពោះបុព្វហេតុនៃការរីកចម្រើនរុងរឿងក្នុងវិស័យព្រះពុទ្ធសាសនា ។ ចំពោះព្រះដំណើរអនិច្ចធម្មនៃសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនា ដោយហេតុថា សម្តេចគឺជាវិញ្ញូសង្ឃ ដែលបានស្ថាបនានូវស្នាព្រះហត្ថយ៉ាងច្រើនអនេក ទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជន ប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមមជាតិ តទៅអនាគត ។

សូមឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធ សម្តេច ព្រះ អគ្គមហា សង្ឃ រាជាធិបតី កិត្តិ ឧទ្ទេស បណ្ឌិត ទេព វង្ស សូមព្រះវិញ្ញាណក្ខន្ធសម្តេច បានយាងទៅកាន់ព្រះសុគតិភាព និងទីបំផុតនៃព្រះជាតិ សូមបានយាងទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតទ្បើយ ៕
ដោយៈ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner