មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤ មានអ្នកចូលរួមប្រណាំងកើនឡើងទ្វេដង
ភ្នំពេញ៖មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤ ដែលប្រណាំងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤ និង២៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅគល់ស្ពានព្រែកព្នៅ ក្បែពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ដោយជោគជ័យ ដោយទាក់ទាញអ្នកចូលរួមប្រណាំង២២០នាក់ និងអ្នកទស្សនារាប់ពាន់នាក់។
លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍បានឳ្យដឹងថា ការប្រណាំងនៅក្នុងឆ្នាំ២០២៤នេះ គឺជាការបើកទំព័រថ្មីមួយ សម្រាប់មហាព្រឹត្តិការណ៍ប្រណាំងមូតូត្រៃឆ្លងកាត់ឧបសគ្គដែលលោកបានរៀបចំរយៈពេល៨ឆ្នាំកន្លងមកនេះ ។ លោកថា ឆ្នាំ២០២៤នេះ ចំនួនកីឡាករកីឡាការិនីចូលរួមមានរហូតដល់ទៅ២២០នាក់ មកពី៨ប្រទេស ដោយធ្វើការប្រកួតលើ៩វិញ្ញសា។
អ្នករៀបចំរូបនេះ អះអាងថា ទោះបីនៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនដៃគូឧបត្ថម្ភមានការថយចុះយ៉ាងណាក្តី ប៉ុន្តែការរៀបចំនូវតែរក្សាបាននូវទ្រង់ទ្រាយធំនិងកីឡាករកីឡាការិនីចូលរួមកើនឡើងទ្វេដងបើធៀបនិងមហាព្រឹត្តិការណ៍ប្រណាំងដូចគ្នានេះកាលពីឆ្នាំកន្លងៗទៅ គឺមានអ្នកកីឡាករកីឡាការិនីត្រឹមតែ១៥០នាក់ប៉ុណ្ណោះ។
អ្នករៀបចំបន្តថា មហាព្រឹត្តិការណ៍ប្រណាំងនេះ និងបន្តរៀបចំជារៀងរាល់ឆ្នាំនៅកម្ពុជា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាម៉ូតូត្រៃនៅកម្ពុជា ហើយ អ្វីដែលជាចំនុចពិសេសនោះ ព្រឹត្តិការណ៍ប្រកួតដ៏ធំនេះ នឹងជួយឲ្យកីឡាករកីឡាការិនីដែលមានសមត្ថភាពទទួលបានតម្លៃខ្លួនសម្រាប់ពេលអនាគត ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យកីឡាមួយនេះ។
លោក ពេជ្រ សុខា បានបន្ថែមថា លោកពិតជាមានមោទនភាពខ្លាំងណាស់សម្រាប់ជោគជ័យដែលទទួលបាននាពេលនេះ ព្រោះវាជាផ្នែកមួយចូលរួមអភិវឌ្ឍវិស័យកីឡាប្រណាំងយានយន្តនៅកម្ពុជា ដែលជាការចូលរួមចំណែកមួយជាមួយសហព័ន្ធកីឡាយានយន្ត និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលកីឡារបស់កម្ពុជា។
ជាមួយគ្នានេះ លោក ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង សូមថ្លែងអំណរគុណដល់កីឡាករកីឡាការិនីដែលចូលរួមប្រណាំង អរគុណដល់ទស្សនិកជនដែលចូលរួមទស្សនាការប្រណាំង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូដែលបានបន្តជួយគាំទ្រឧបត្ថម្ភធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងក្នុងឆ្នាំ២០២៤នេះ ទទួលបានជោគជ័យលើសការរំពឹងទុក៕
រូបភាព និងអត្ថបទៈជាវ ចន្ធូ