ទោងជិះកម្សាន្ត បានចាប់ផ្តើមលេចចេញជារូបរាងជាបណ្តើៗ នៅឧទ្យានទន្លេស្ងួត ក្នុងស្រុកអូររាំងឪ

ភ្នំពេញ:ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានសម្របសម្រួលដល់ ក្រុមការងារជំនាញ នៃប្រទេសកាណាដា ដែលបានកំពុងដំឡើងទោងជិះកម្សាន្ត នៅតំបន់ទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានសាងសង់ឡើងតាមផែនការ ក្នុងការលើកកម្ពស់ជីវភាពប្រជាប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបង្កើនប្រាក់ចំណូល ពីទេសចរណ៍កោលដៅកម្សាន្តបៃតងនិងអព្យាក្រឹតកាបូន។

  គួរបញ្ជាក់ថា បច្ចុប្បន្នគ្រឿងឧបករណ៍សម្រាប់ជិះទោងកម្សាន្ត កំពុងដំឡើងដែលនឹងលេចចេញជារូបរាងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។ សមិទ្ធផលថ្មីនេះ មិនត្រឹមតែមានប្រយោជន៍ មិនត្រឹមជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយតំបន់ក្លាយជាទីកន្លែងទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត ដោយសារនៅក្នុងតំបន់ទន្លេស្ងួត ដែលមានផ្ទៃដី១៤ហិកតា ត្រូវបាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។

ដោយសារតំបន់មានសក្តានុពលធម្មជាតិ រួមមានសួនច្បារផ្កាស្បៃរឿងមួយលានគុម្ព ដាំដុះតាមបណ្តោយទន្លេស្ងួត ប្រវែងជាងមួយគីឡូម៉ែត្រ និងទទឹង៣ម៉ែត្រ ព្រទាំងមានទីតាំងប្រវត្តិសាស្រ្តផ្សេងទៀត រួមមាន ប្រាសាទព្រះធាតុ ទីទួលបុរាណ និងវត្តព្រះធាតុបាស្រី ដែលល្បីល្បាញខាងផ្នែកជំនឿប្រពៃណី របស់ប្រជាពលរដ្ឋ ដែលមកបែបន់ តែងបានសម្រេចតាមបំណងប្រាថ្នា។

 ឯកឧត្តម រដ្ឋមន្រ្តីបានលើកឡើងថា ឧទ្យានទន្លេស្ងួត នឹងប្រែក្លាយជាសហគមន៍គោលដៅកម្សាន្តបៃតង ដ៏ទាក់ទាញ និងផ្តល់ប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏សម្បូរបែបដូចជា កញ្ចុះសម្រាប់អង្គុយលេង និងកន្លែងស្ទូចត្រីកម្សាន្ត មគ្គុទេ្ទសក៍ទេសចរណ៍ ក្នុងតំបន់វប្បធម៌ធម្មជាតិនេះ ព្រមទាំងផ្តល់សេវាកម្មម្ហូបអាហារ ការលក់ដូរកសិផលក្នុងស្រុកជូនភ្ញៀវទេសចរប្រកបដោយចិត្តស្អាត ស្មោះត្រង់ និងផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរណ៍ និងកាត់បន្ថយការបំពុលនានាទៅក្នុងបរិយាកាស ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកស្ទួយការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង៕

ដោយ:ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner