សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចូលទីវង្គត (Video Inside)

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះជន្ម៩៣ព្រះវស្សា បានចូលព្រះទីវង្គត នាល្ងាចថ្ងៃចន្ទទី២៦កុម្ភៈ។ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលប្រសូតថ្ងៃទី១២ មករា ឆ្នាំ១៩៣២ ក្នុងក្រុងសៀមរាប គឺជាស្តេចសង្ឃថ្នាក់កំពូលបំផុត របស់ព្រះរាជាណាចក្រកម្ពុជា។

ព្រះអង្គបានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសង្ឃក្នុងឆ្នាំ១៩៥២ ក្នុងព្រះជន្ម២០វស្សា។ រហូតដល់ឆ្នាំ១៩៧៥ ព្រះអង្គបានទទួលសណស័ក្កជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ដដែលនោះ, ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃជាមួយប្រជាជនទូទាំងប្រទេស។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសវិញនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសណស័ក្ក និងព្រះគោរម្យងារជាបន្តបន្ទាប់ដូចជាព្រះឧបជ្ឈាយ៍, ប្រធានសង្ឃទូទាំងប្រទេស, ជាព្រះមហាសុមេធាធិបតី, ជាព្រះសង្ឃនាយក នៃរដ្ឋកម្ពុជា, ជាអនុប្រធានរណសិរ្សសាមគ្គី កសាងការពារ មាតុភូមិកម្ពុជា, ជាអនុប្រធានរដ្ឋសភា ជាសម្តេចសង្ឃរាជគណមហានិកាយ នៃកម្ពុជា, ជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ជាឯកអគ្គរដ្ឋទូតសន្តិភាពរបស់សហព័ន្ធអន្តរជាតិ, ជាសហប្រធានក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បីសន្តិភាព នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក និងជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត-សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះសង្ឃរាជ ទេព វង្ស បានយាងចូលសម្រាកក្នុងមន្ទីរពេទ្យកាលម៉ែត្រជាច្រើនថ្ងៃមកហើយ។ នាវេលាល្ងាចម៉ោង៥ និង៤០នាទី ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤, ព្រះអង្គបានចូលទីវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សាដោយព្រះជរាពាធិ។

ads banner