សម្តេចធិបតី គ្រោងជួបព្រះមហាក្សត្រម៉ាឡេស៊ីក្នុងថ្ងៃទស្សនកិច្ច (Video Inside)

ក្រសួងការបរទេសកម្ពុជាបានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២៧កុម្ភៈ នៅប្រទេសម៉ាឡេស៊ី នឹងបានអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម នៅក្នុងព្រះបរមរាជវាំងអ៊ីស្តាណា ណេហ្គេរ៉ា Istana Negara។

សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដាទុក មូតាំង តាហ្គាល់ និងជួបប្រធានរដ្ឋសភា តាន់ស៊្រី ដាទុក នាវិមានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី។ សម្តេចធិបតីនឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់ វ៉ា អ៊ីប្រាហ៊ីម ដែលនឹងផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ រួមទាំងកត្តាសន្តិសុខ នយោបាយ, ពាណិជ្ជកម្មនិងការបណ្តាក់ទុន, ទេសចរណ៍, ពលកម្ម, វិស័យអាហារបួស «ហាឡាល់» និងវិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល ដែលជាផលប្រយោជន៍រវាងប្រទេសទាំង២។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈ MOU រវាងធនាគារជាតិ នៃប្រទេសទាំង២ ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃទី២៧កុម្ភៈនោះផងដែរ, សម្តេចធិបតីនឹងចួលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា ម៉ាឡេស៊ី ដែលសម្តេចនឹងថ្លែងសុន្ទរកថាគន្លឹះមួយ ក្នុងវេទិកានោះ និងអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខា MOU នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំង២។

យោងតាមក្រសួងការបរទេស, ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅកាន់ប្រទេសម៉ាឡេស៊ី នឹងរួមចំណែកកាន់តែស៊ីជម្រៅលើទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ នៃប្រទេសទាំង២ ក្នុងផលប្រយោជន៍សម្រាប់តំបន់។

ads banner