គណបក្សនយោបាយនានាអបអរសាទរគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈច្រើនលើសលប់លើការបោះឆ្នោតព្រឹទ្ធសភា (Video Inside)

បណ្តាគណបក្សនយោបាយនានា បានគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ លើការបោះឆ្នោត យោងតាមលទ្ធផលប្រកាសបឋមរបស់គជប។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥កុម្ភៈ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។

យោងតាមការប្រកាសលទ្ធផលបឋម, គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ក្នុងមណ្ឌលភូមិភាគទាំង៨ នូវសំឡេងឆ្នោតសរុបចំនួន ១ម៉ឺន ៥២សំឡេង ដែលនឹងរំពឹងទទួលបានអាសនៈចំនួន ៥៥អាសនៈ។

គណបក្សដែលទទួលបានអសនៈក្នុងការបោះឆ្នោតនោះដែរ គឺគណបក្សឆន្ទៈខ្មែរ មានសំឡេងឆ្នោតគាំទ្រ ១ពាន់ ៣៩៤សំឡេង និងរំពឹងថា ទទួលបានចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមក្នុងការប្រកួតប្រជែង មិនទទួលបានអាសនៈឡើយ។

ក្រោយការប្រកាសលទ្ធផលបឋមនេះ, បណ្តាគណបក្សនយោបាយនានា ដួចជាគណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ, គណបក្សយុវជនកម្ពុជា, គណបក្សម៉ូលីណាកា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សមហាសាមគ្គីជាតិ និងគណបក្សធម្មាធិបតេយ្យ បានធ្វើសេចក្តីថ្លែងការណ៍ អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ ពីការបោះឆ្នោតព្រឹទ្ធសភានេះ។

ads banner