សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម YB Gobind Singh Deo រដ្ឋ មន្ត្រីក្រសួងឌីជីថល, ឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងមន្ត្រីស្ថានទូត ជាច្រើន រូបផ្សេងទៀត។
សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដំណើរ ទស្សនកិច្ច នេះតបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (YB Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីរយៈពេលមួយថ្ងៃនេះ មានការអញ្ជើញអម ដំណើរ ដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបមានដូចជា៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម កែវ រតនៈ រដ្ឋ មន្ត្រីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោក លោកស្រីជាសមាជិក រាជរដ្ឋាភិបាលជាច្រើនរូបផ្សេងទៀត។ ដំណើរទស្សន កិច្ចក៏មានការអមដំណើរដោយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី សម្ដេចធិបតី នឹងមានជំនួប ទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន នយោបាយ, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ការងារ, ទេសចរណ៍ បច្ចេកវិទ្យាឌីជីថល សន្តិសុខ ថាមពលជាដើម។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏នឹងពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ និងតំបន់ផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា និងម៉ាឡេស៊ី ក៏នឹងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាចំនួន ៣រួមមាន អនុស្សារណៈយោគយល់គ្នាមួយ រវាងធនាគារជាតិ នៃកម្ពុជា និងធនា គារកណ្ដាលម៉ាឡេស៊ី និងអនុស្សារណៈយោគយល់គ្នាពីរទៀត រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មម៉ាឡេស៊ី ព្រមទាំងអញ្ជើញធ្វើសន្និសិទ្ធសារព័ត៌មានរួមគ្នា ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងចូលក្រាបបង្គំគាល់ ព្រះចៅ ស៊ុលតង់ អ៉ីប្រាហ៉ីម អីស្ពាន់ដា (Sultan Ibrahim Iskandar) ព្រះមហាក្សត្រម៉ាឡេស៊ី, ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដាតុ មូតាំង តា-ហ្កាល់ (Datuk Mutang Tagal) ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, ជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយឯកឧត្តមបណ្ឌិត តាន់ ស៊ី ដាតុ ចូហារី ប៉ីន អាប់ឌុល (YB Tan Sri Dator (Dr.) Johar Bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី។
សម្ដេចធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២៤ផងដែរ។ ក្នុងកម្មវិធីនោះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្ដីពី «គោលនយោបាយ សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-ម៉ាឡេស៊ី។ សម្ដេចធិបតី ក៏នឹងទទួលជំនួបសម្ដែងការគួសម ដោយធានាគារ Maybank របស់ម៉ាឡេស៊ីផងដែរ។
សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកកាន់ព្រះ រាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វិញ៕
ដោយ ៖ វណ្ណលុក