សកម្មភាពល្មើសនានា ពិសេសករណីព្រៃឈើទាំងតូចទាំងធំនៅក្នុងខេត្តមណ្ឌលគិរី មានសភាពស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរីៈសកម្មភាពល្មើសនានា ពិសេសករណីព្រៃឈើទាំងតូចទាំងធំនៅក្នុងខេត្តមណ្ឌលគិរី មានសភាពស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់គ្រាដែលក្នុងមូលដ្ឋានខេត្តមួយនេះ កំពុងតែមានវត្តមានរបស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខានោះ។

ជាការកត់សម្គាល់មួយរយៈពេលចុងក្រោយនេះ តាមបណ្តោយផ្លូវជាតិលេខ៧៦ពីស្រុកកោះញែកឆ្ពោះទៅទឹកដីខេត្តក្រចេះនិងត្បូងឃ្មុំ គេតែងសង្កេតឃើញរថយន្តខ្នាតយក្ស មានសកម្មភាពដឹកជញ្ជួនឈើPC និងបណ្លំ PCយ៉ាងច្រើន។ ក្នុងនោះដែររថយន្តប៉ាកុង បានធ្វើសកម្មភាពក្នុងព្រៃដែនជម្រកសត្វក្នុងស្រុកកោះញែក និងពេជ្រាដា ដោយជញ្ជួនឈើគ្រប់ប្រភេទដាក់បន្លំចូលក្នុងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ស្ទើរតែអស់ឈើក្នុងព្រៃ។សកម្មភាពទាំងនេះ ត្រូវបានក្រុមឈ្មួញបញ្ឈប់ទាំងតក់ក្រហល់ មានខ្លះបញ្ជួនរថយន្តឆ្នៃរត់ពួន ខ្លះបញ្ជួនទៅខេត្តផ្សេងៗ ពេលទទួលដំណឹងថាគណៈកម្មាធិការជាតិចុះដល់ ។

មហាជនបានថ្លែងការគាំទ្រយ៉ាងខ្លាំងដល់សកម្មភាពនៃការដាក់ចេញនូវវិធានការថ្មីៗរបស់គណៈកម្មាធិការថ្នាក់ជាតិនៅពេលនេះ  ដើម្បីស្រោចស្រង់អាយុជីវិតព្រៃឈើខេត្តមណ្ឌលគិរីដែលកំពុងតែរងការបំផ្លាញក្រោមបាតដៃឧកញ៉ាគ្រាក់ៗទាំងនោះ។ពិសេសគឺការបំផ្លាញចោលនូវមធ្យោបាយដឹកជញ្ជួនឈើគ្រប់ប្រភេទនៅនឹងកន្លែងនោះតែម្តង។លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យរបស់គណៈកម្មាធិការថ្នាក់ជាតិ ក្នុងករណីនេះ បានអំពាវនាវដល់ក្រុមឈ្មួញផងដែរថា បើមិនចង់មានទោសទណ្ឌនោះទេ ត្រូវតែដកខ្លួនចេញជាបន្ទាន់ និងឲ្យឆ្ងាយពីរបររកសុីបទល្មើសព្រៃឈើ។

ចំពោះការចាប់ខ្លួនឧកញ៉ាឈើ សុឹង សំអុល និងបក្សពួក រួមទាំងរថយន្តដឹកឈើជាង៤០គ្រឿងនៅស្រុកកោះញែកនោះ ជាយុទ្ធនាការដ៏អស្ចារ្យមួយ ខណៈដែលមេឈ្មួញរូបនេះ មិនដែលត្រូវបានសមត្ថកិច្ចពាក់ព័ន្ធណា ចាប់ខ្លួនបានម្តងនោះឡើយ។ហើយករណីនេះ ត្រូវបានមហាជនហៅថា សម្លាប់មួយ គំរាមមួយរយ ព្រោះឧកញ៉ាផ្សេងៗទៀតដែលងុបងុល នឹងបំផ្លាញព្រៃឈើ បានដាក់សាប៊ូ អស់រលីងទៅហើយ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជាក់នៅថ្ងៃ១០កក្កដានេះថា កម្លាំងអាវុហត្ថផ្ទៃប្រទេស និងជាគណៈកម្មធិការថ្នាក់ជាតិកំពុងតែបន្តនីតិវិធីសួរនាំឧកញ៉ា សុឹង សំអុល  ក្នុង បញ្ជាការដ្ឋានអាវុធហត្ថខេត្តដដែលក៏បន្តការស្រាវជ្រាវចំពោះអ្នកពាក់ព័ន្ធផងដែរ។

គួបញ្ជាក់ថា កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ រឹបអូសរថយន្ដជាង៤០គ្រឿង ត្រៀមបំផ្លាញចោលនៅនឹងកន្លែង ។ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នោះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានគណៈកម្មាធិការជាតិ៕ធ.ដ

ដោយៈ សាតចាន់បុត្រ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner