នៅប្រទេសឡាវ ជម្ងឺគ្រុនឈាមសម្លាប់មនុស្ស២៧នាក់ហើយ តាំងពីដើមឆ្នាំ២០១៩មក
ក្រសួងសុខាភិបាលនៃប្រទេសឡាវ កាលពីម្សិលមិញ បានព្រមានដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺគ្រុនឈាម ដោយបានណែនាំឱ្យប្រជាជនទូទាំងប្រទេស លុបបំបាត់កន្លែងដែលអាចឱ្យមូសពង ក្នុងឱកាសដែលការរាតត្បាតនៃជម្ងឺគ្រុនឈាម បានឆក់យកជីវិតមនុស្ស២៧នាក់ហើយ ក្នុងចំណោមមនុស្សយ៉ាងហោចណាស់១ម៉ឺន១ពាន់នាក់ បានឆ្លងជម្ងឺនេះ តាំងពីដើមឆ្នាំ ២០១៩មក។
ដើម្បីការពារ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺគ្រុនឈាម រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញឱ្យរដ្ឋាភិបាល និងវិស័យឯកជនជាពិសេសនាយកដ្ឋានសុខភាពទូទាំងប្រទេសត្រូវរៀបចំយុទ្ធនាការសាធារណៈ ដែលស្តីអំពីការការពារកុំឱ្យឆ្លងជម្ងឺនេះ។ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យបុគ្គលិកសុខាភិបាល អបរំប្រជាជន និងបណ្តាសហគមន៍នានា ឱ្យយល់ដឹងអំពីជម្ងឺនេះ និង ចាត់ចែងធ្វើការងារឱ្យសកម្មដើម្បីទប់ស្កាត់ជម្ងឺគ្រុនឈាម។
បន្ថែមលើនេះ នាយកដ្ឋានសុខាភិបាល បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងឡាយធ្វើយុទ្ធនាការស្តីអំពីជម្ងឺគ្រុនឈាម និងបង្កើនការយកចិត្តទុកដាក់ចំពោះវិធានការពារនៅតាមភូមិស្រុកនិងតាមសាលារៀន។ សាលាមតេយ្យ សាលបឋមសិក្សា និង អនុវិទ្យាលយ័ត្រូវបានណែនាំឱ្យ លុបបំបាត់ចោលឱ្យអស់នូវកន្លែងដែលមានដក់ទឹកដែលជាជម្រករបស់ពងសត្វមូស រាល់ពេលធ្វើពលកម្មប្រចាំសប្តាហ៍៕ធ.ដ