វៀតណាមបង្កើននាំចេញឈើឲ្យបានតម្លៃ១១ពាន់លានដុល្លារអាមេ៉រិក ក្នុងឆ្នាំ២០១៩នេះ
វៀតណាមគ្រោងនឹងនាំចេញឈើ និងផលិតផលឈើឲ្យបានតម្លៃ១១ពាន់លានដុល្លារអាមេ៉រិក នៅឆ្នាំ២០១៩នេះ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ង្វៀន ស្ស័ន កុង ចេញផ្សាយដោយសារព័ត៌មាន Vietnamnews នៅថ្ងៃទី១០ កក្កដា ២០១៩នេះ។
លោករដ្ឋមន្ត្រីថា តម្លៃនៃការនាំចេញឈើមាន៥.២៣ពាន់លានដុល្លារអាមេ៉រិក នៅរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ កើនឡើង២០ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨។ លោក កុង បញ្ជាក់ថា «កំណើននៃការនាំចេញផលិតផលឈើនេះបង្កើតបានការងារកាន់តែច្រើន និងបន្ថែមទំហំនៃការដាំដុះឈើ។» លោកបន្តថា វៀតណាមបានប្រែក្លាយពីប្រទេសមានតំបន់គ្របដណ្តប់ឈើត្រឹម២០ភាគរយពីមុន មកឲ្យមានដល់ទៅ៤៣ភាគរយ។
លោកបន្ថែមទៀតថា នៅឆ្នាំ២០១៩នេះ ជាឆ្នាំបង្ហាញពីការប្រកួតប្រជែង ដោយសារតែភាពតានតឹងពាណិជ្ជកម្មអាមេ៉រិក-ចិន និងការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ដែលមានឥទ្ធិពលមកលើវិស័យកសិកម្ម។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុន៕ធ.ដ