ថៃប្រកាសបញ្ចប់របបយោធា ត្រួសត្រាយផ្លូវឲ្យរដ្ឋាភិបាលស៊ីវិលស្បថចូលកាន់តំណែង ឆាប់ៗនេះ
មេបញ្ជាការយោធាកំពូលរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលក៏ជានាយករដ្ឋមន្ត្រីផងដែរនោះ កាលពីថ្ងៃអង្គារ៍ ទី៩ កក្កដា ម្សិលមិញ បានបញ្ជាឲ្យបញ្ចប់របបសឹក ឬការគ្រប់គ្រងប្រទេសដោយរបបយោធា មុនពេលរដ្ឋាភិបាលស៊ីវិលថ្មីរបស់លោកនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ប៉ុន្តែលោកនៅតែលោកនៅតែរក្សាអំណាចតឹងរឹងដដែល ពោលនៅតែគ្រប់គ្រងកម្លាំងសន្តិសុខក្នុងការស្រាវជ្រាវ និងចាប់ខ្លួន ជាដើម។
ចាប់ពីតាំងពីលោកបានចូលកាន់តំណែង ក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤មក រដ្ឋាភិបាលយោធារបស់លោកបានចេញសេចក្តីបង្គាប់បញ្ជាច្រើនជាង៥០០លើក ដោយយោងតាមមាត្រា៤៤ ឬ គេហៅថា ច្បាប់ផ្តាច់ការ ដែលអនុញ្ញាតឲ្យលោកបំពានច្បាប់ប្រទេសថៃ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។លោក ប្រាយុទ្ធ ចាន់អូចា នឹងក្លាយជានាយករដ្ឋមន្ត្រីស៊ីវិល ដោយទទួលបានការផ្តល់ទំនុកចិត្តពីសំណាក់សមាជិកព្រឹទ្ធសភា និងរដ្ឋសភាថៃ ដែលកើតចេញពីការបោះឆ្នោត កាលពីថ្ងៃទី២៤ មីនា ២០១៩។
ការសម្រេចបញ្ចប់របបយោធាកាលពីម្សិលមិញរបស់លោក ប្រាយុទ្ធនេះ គឺសំដៅលើការបញ្ចប់ការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយ ហើយបញ្ជូនករណីរឿងក្តីស៊ីវិលពីតុលាការយោធា ទៅតុលាការស៊ីវិល។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាវិមានរដ្ឋាភិបាល ក្នុងរាជធានីបាងកក លោក ប្រាយុទ្ធបាននិយាយថា «ខ្ញុំនឹងមិនប្រើប្រាស់មាត្រា៤៤ទៀតទេ។ រាល់ការបង្គាប់បញ្ជាទាំងនេះមិនបង្កបញ្ហាទេ ព្រោះត្រូវបានដោះស្រាយបញ្ហារួចរាល់ហើយ»។
លោក ប្រាយុទ្ធ ធ្លាប់បានបញ្ជាក់ថ្មីៗនេះថា រដ្ឋាភិបាលថ្មីនឹងមានជាផ្លូវការ នៅត្រឹមខែកក្កដា ២០១៩នេះ ពោលគឺបន្ទាប់ពីបោះឆ្នោតជាង៣ខែមកហើយនោះ៕ធ.ដ