ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារជំងឺគ្រុនឈាន ខណៈដែលមានអ្នកឈឺ១ម៉ឺន៥ពាន់នាក់ និងស្លាប់២៥នាក់ហើយ

អត្ថបទដោយ៖
Kien Sereyvuth

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសសួងសុខាភិបាល នៅថ្ងៃ១០កក្កដានេះ បានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមក្នុងជុំវែងគឺវដ្ដពី១០ទៅ១២ឆ្នាំម្ដង បានកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ២០១៩នេះ បន្ទាប់ពីករណីផ្ទុះខ្លាំងនៅឆ្នាំ២០០៧មក។ បណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានការកើនឡើងករណីឈឺជិត៥ដង និងស្លាប់ក៏មានច្រើនដែរ ដូចជា ប្រទេសម៉ាឡេស៊ី មានអ្នកស្លាប់ដោយជំងឺគ្រុនឈាម៧៤នាក់ និងហ្វីលីពីនស្លាប់៣០៣នាក់។ នៅប្រទេសកម្ពុជា ជំងឺគ្រុនឈាម បានចាប់ផ្ដើមកើនឡើងពីដើមខែឧសភា រហូតមកដល់បច្ចុប្បន្ន តាមភូមិសាស្ត្រ រាជធានី ខេត្តមួយចំនួន ដែលមានចំនួន១ម៉ឺន៥ពាន់នាក់ និងស្លាប់២៥នាក់នោះហើយ គិតរហូតមកដល់ដើមខែកក្កដា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់តាំងពីសប្ដាហ៍ទី២នៃខែឧសភាមក ត្រូវគេឃើញបានបញ្ជាដល់គ្រប់ រាជធានី ខេត្ត អនុវត្តន៍អន្តរាគមន៍បន្ទាន់ ហើយកំពុងបន្តអនុវត្តន៍យ៉ាងសកម្ម។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រោយពីការធ្វើអន្តរាគមន៍៣០ថ្ងៃកន្លងមក ក្រសួងសុខាភិបាលសង្កេតឃើញថា ជំងឺគ្រុនឈាម ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ដោយក្នុងនោះជំងឺគ្រុនឈាមបានថយចុះក្នុងខេត្តចំនួន១១ ដូចជា ពោធិ៍សាត់ តាកែវ ស្ទឹងត្រែង ស្វាយរៀង រតនគិរី ប៉ៃលិន កោះកុង កំពង់ធំ បាត់ដំបង ខេត្តព្រះសីហនុ និងខេត្តមណ្ឌគិរី។ រីឯខេត្តក្រចេះ កំពត ព្រៃវែង និងខេត្តកែប មានស្ថានភាពនៅនឹង មិនមានកើនឡើងនៃករណីឈឺនោះឡើយ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមរយៈកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម ក៏ដូចជា មន្ទីរសុខាភិបាលរាជធានី ខេត្ត កំពុងបន្តសកម្មភាពឆ្លើយតបយ៉ាងហ្មត់ចត់បំផុត និងជាប្រចាំ នៅទីតាំងភូមិសាស្ត្រទាំងអស់ ដែលប្រឈមខ្ពស់។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមអនុវត្តន៍វិធានការការពារជំងឺគ្រុនឈាម តាមរយៈការអនុវត្តវិធានការធ្វើអនាម័យកម្ចាត់ដង្កូវទឹក បំផ្លាញជម្រកមូស ការពារកុំឲ្យមូសខាំ និងក្នុងករណីសង្ស័យមានជំងឺគ្រុនឈាមប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋជាបន្ទាន់៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner