ទឹកធ្លាក់អូរជាំ ទីកម្សាន្តធម្មជាតិដ៏សែនមនោរម្យ នៅស្រុកសំឡូត ខេត្តបាត់ដំបង
(បាត់ដំបង)៖ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីទឹកបឹងដ៏ធំមួយដែលមាន ឈ្មោះថាបឹងអូរជាំ ឬអ្នកខ្លះហៅថាទន្លេផែន ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំទំហំប្រមាណជិត៣ហិកតា ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យគយគន់ណាស់។
ទឹកធ្លាក់ដ៏អស្ចារ្យពីធម្មជាតិដែលហូរកាត់តាមផ្ទាំងថ្មតូចធំជាច្រើនដំណាក់រមៀលចុះមក មិនចេះអស់នេះដែរ បានជួយបង្កើតឱ្យទឹកមានសភាពថ្លាដូចកញ្ចក់ ហើយជាក្តីប្រាថ្នាដល់អ្នកទេសចរ ចុះងូតកម្សាន្តផ្តល់ក្តីសប្បាយរីករាយឥតមានថ្ងៃបំភ្លេចបានសោះឡើយ។
តាមពិតទឹកធ្លាក់អូរជាំស្ថិតក្នុងភូមិសាស្រ្ត ដែនជម្រកសត្វព្រៃភ្នំសំកុសនៃភូមិអូរជាំលើ ឃុំកំពុងល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចំងាយ១០០គីឡូម៉ែត្រជាងពីទីរួមខេត្តបាត់ដំបង ទឹកធ្លាក់ខួបប្រាំង ខួបវស្សា មួយនេះទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកម្សាន្ត និងបោះតង់សម្រាកលំហែរ យ៉ាងច្រើនកុះករ ជារៀងរាល់ចុងសប្តាហ៍។
កាលបើអ្នកទេសចរទៅកម្សាន្តទឹកធ្លាក់អូរជាំ គេអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើពីមួយតំណាក់ទៅមួយតំណាក់ ដោយឆ្លងកាត់ជ្រលងដងអូរ ដើមឈើតូចធំ ផ្ទាំងថ្ម ជំរាលភ្នំនិងពិសេស ទឹកធ្លាក់ប្រដេញគ្នាធ្លាក់មកក្រោម ដែលគេអាចកម្សាន្ត ដោយការងូតទឹក ថតរូប ឬសម្រាកលំហែតាមផ្លូវដោយក្តីសប្បាយរីករាយ។ ទីតាំងដ៏អំណោយផលទាំងព្រៃឈើ សត្វព្រៃ មច្ឆាដែលមានវត្តមាននៅទីកន្លែងនេះនិងពិសេសបរិស្ថានស្អាតល្អ បានទាក់ទាញធ្វើឱ្យអ្នកទេសចរលង់លក់ក្នុងអារម្មណ៍នៃដំណើរកម្សាន្តរបស់ខ្លួន។
លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា បច្ចុប្បន្នដោយជារដូវប្រាំងធ្វើឱ្យភ្ញៀវទេសចរ បានធ្លាក់ចុះ តែទោះបីយ៉ាងប្រជាសហគមន៍ក៏នៅអាចរកចំណូលតាមរយៈទេសចរបានមួយចំនួនដែរ។ ពួកគាត់អាចដាំដំណាំកសិកម្មសម្រាប់លក់ជូនភ្ញៀវទេសចរសម្រាប់រកចំណូលពិសេសថ្ងៃចុងសប្តាហ៍ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានជាដើម។ក្រៅពីនេះអាចរកអនុផលព្រៃឈើដូចជា ផ្សិត ផ្លែឈើ និងបន្លែដែលជារុក្ខជាតិព្រៃភ្នំមួយចំនួនសម្រាប់មកធ្វើម្ហូបលក់ជូនភ្ញៀវទេសចរផងដែរ ។
ជាមួយគ្នាលោកប្រធានសហគមន៍ដែលជាអតីតកងទ័ពខ្មែរក្រហមរូបនេះ បានឱ្យដឹងដែរថា ភ្ញៀវទេសចអាចភ្លក្សរស់ជាតិម្ហូបប្លែកៗប្រចាំតំបន់នេះបានដូចជា ឆាក្រវាញ ម្ជូររចេកព្រៃ មាន់ដុតចេកព្រៃ និងម្ហូបប្លែកៗពីអនុផលព្រៃឈើ ដែលមានរសជាតិឆ្ងាញ់ពិសារបានរៀងរាល់ថ្ងៃ។
លោកប្រធានសហគមន៍បានលើកឡើងដែរថា”ឆ្នាំនេះដោយសារអាកាសធាតុក្តៅហែង និងបូករួមផ្សំពុំមានភ្លៀងកក់ខែផងធ្វើឱ្យទឹកធ្លាក់អូរជាំខ្សត់ទឹកជាងបណ្តាឆ្នាំមុនៗតែភ្ញៀវក៏អាចលេងទឹកបាននៅឡើយដែរទេ”។
លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានអំពាវនាវដល់ពលរដ្ឋកម្ពុជាក៏ដូចជាភ្ញៀវបរទេសក្នុងបុណ្យចូលឆ្នាំខ្មែរ ខាងមុខឬថ្ងៃឈប់សម្រាកចុងសប្តាហ៍កុំភ្លេចចូលលេងកម្សាន្តទឹកធ្លាក់អូរជាំព្រោះទីនោះក្រៅពីមានទឹកងូតកម្សាន្តហើយ នៅមានម្ហូបអាហារប្រចាំមូលដ្ឋានដូចជាឆាក្រវាញ សម្លម្ជូរចេកព្រៃ មាត់ដុតដើមចេកព្រៃ និងបន្លែផ្លែឈើច្រើនប្រភេទរង់ចាំជារៀងរាល់ថ្ងៃ។
ដោយឡែក លោក វឹង វ៉ីន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងដែរថា ចំពោះភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅទឹកធ្លាក់អូរជាំ អាចធ្វើការបោះតង់ស្នាក់នៅទីនោះផ្ទាល់ ដោយមានការធានាសុវត្ថិភាពខ្ពស់ និងទទួលបាននូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងធម្មជាតិនៃទឹកដីសំឡូតដែលធ្លាប់តែមានសង្រ្គាមកន្លងមកផងដែរ។
លោកបានបញ្ជាក់ប្រាប់ថា” ទឹកធ្លាក់ធម្មជាតិនេះបានធ្លាក់ពីលើកំពូលភ្នំដែលនៅខាងលើមានបឹងធំមួយកម្រមាននរណាទៅដល់ណាស់។ទីនោះសម្បូរសត្វព្រៃនិង ហ៊ុមព័ទ្ធទៅដោយផ្ទាំងថ្មធំៗ និងមានប្រភពទឹកធ្លាក់ពីលើភ្នំ ដែលធ្លាក់ចុះមកក្រោមមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ “។
លោកបានបញ្ជាក់បន្ថែមថាភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តតាមភ្នំ ព្រមទាំងងូតទឹកជ្រោះកម្សាន្តសប្បាយតាមដំណាក់នីមួយៗ ពិសេសពិសាអាហារប្លែកៗក្នុងតំបន់ ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់ និងអាច សិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍ ហើយទទួលនូវបទពិសោធប្លែកៗជាមួយនឹងធម្មជាតិទៀតផង ។
គួរបញ្ជាក់ថា ទឹកធ្លាក់អូរជាំផ្នែកខាងលើគេបង្អស់មានកំពស់ ៣០ម៉ែត្រ ដែលហ៊ុព័ទ្ធដោយផ្ទាំងថ្មធំៗ និង ទីកន្លែងនេះជាក្តីប្រាថ្នាអ្នកទេសចរចង់ទៅដល់គ្រប់គ្នាសម្រាប់ងូតទឹកកម្សាន្តសប្បាយរីករាយជាមួយមិត្តភក្តិ និងក៏ដូចជាក្រុមគ្រួសារ ៕
ដោយ ៖ ម៉ាដេប៉ូ