ម៉ិកស៊ិកលុបចោលជើងហោះហើរជាច្រើន ដោយសារបន្ទុះភ្នំភ្លើង
ម៉ិចស៊ិកូ៖ អាជ្ញាធម៉ិកស៊ិកនិយាយថា ផេះដែលហុយចេញពីមាត់ភ្នំភ្លើង Popocatepetl នៅខាងក្រៅទីក្រុងម៉ិកស៊ិក ក្នុងថ្ងៃអង្គារ បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួន សម្រេចចិត្តលុបចោលជើងហោះហើរជាច្រើនរបស់ខ្លួន ទាំងក្នុង និងក្រៅរដ្ឋធានីរបស់ប្រទេសអាមេរិកឡាទីនមួយនេះ។
អាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ិកស៊ិក បានជូនដំណឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រតិបត្តិករជាតិ និងអន្តរជាតិបានលុបចោលជើងហោះហើរសរុបចំនួន២២ ដោយសារតែការត្រួតពិនិត្យសុវត្ថិភាពយន្តហោះ បានរកឃើញកំទេចកំទីផេះភ្នំភ្លើង។
ទន្ទឹមគ្នា អាជ្ញាធរម៉ិកស៊ិកបានព្រមានថា កំទេចកំទីផេះរបស់ភ្នំភ្លើង Popocatepetl ទំនងជាធ្លាក់នៅក្នុងរដ្ឋ Morelos, Puebla និង ម៉ិកស៊ិក ក៏ដូចជានៅរដ្ឋធានីម៉ិចស៊ិកូ ដែលស្ថិតនៅចម្ងាយប្រហែល៩០គីឡូម៉ែត្រពីភ្នំភ្លើង។
ចាប់តាំងពីភ្នំភ្លើង Popocatepetl ក្លាយជាភ្នំភ្លើងសកម្ម (ផ្ទុះឡើងជាញឹកញាប់) ក្នុងខែធ្នូ ឆ្នាំ១៩៩៤ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ៦ទសវត្សរ៍មកនោះ ការឡើងភ្នំត្រូវបានហាមឃាត់, ផ្ទះសំណាក់សម្រាប់អ្នកឡើងភ្នំក៏ត្រូវបានបិទ ហើយរាល់ដំណើរការផ្សេងៗនៅជិតភ្នំភ្លើងក៏ត្រូវបានរឹតបន្តឹងផងដែរ។
ដោយសារតែមានមនុស្សប្រហែល ២៥លាននាក់រស់នៅក្នុងចម្ងាយជាង ៩៦គីឡូម៉ែត្រពីភ្នំភ្លើង ទើបធ្វើឱ្យភ្នំភ្លើងនេះ ស្ថិតក្នុងចំណោមភ្នំភ្លើងដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក ទោះបីជាវាមិនបានផ្ទុះទ្រង់ទ្រាយធំអស់រយៈពេលជាងមួយសហស្សវត្សរ៍ក៏ដោយ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា