ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ ប្រជាជនគ្រប់មជ្ឈដ្ឋានជឿជាក់លើសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ពិសេសគុណូបការៈដ៏ថ្លៃថ្លានិងការលះបង់ដ៏មហាធំធេង
ភ្នំពេញ៖ កម្ពុជាមុននឹងមានថ្ងៃនេះ បានឆ្លងកាត់ភាពលំបាកច្រើនរាប់មិនអស់ស្ទើរតែបាត់បង់ប្រទេស និងប្រជាជនត្រូវបានសម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បើពុំមានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងច្បាស់លាស់របស់ប្រធានគណបក្សប្រជាជនកម្ពុជា គឺអគ្គមគ្គុទេ្ទសក៍ឯក សម្តេចតេជោ ហ៊ុន សែន នោះទេ មកទល់បច្ចុប្បន្ននេះ កម្ពុជាអាចនឹងបន្តជោកជាំទៅដោយភ្លើងសង្គ្រាមគ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។ សករាជតេជោ គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចបំភ្លេច។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលបានលើកឡើងថា គុណូបការៈដ៏ថ្លៃថ្លា និងការលះបង់ដ៏មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្តូរយកនូវសន្តិភាព សិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។ លោក ហេង សំណាង បានបន្តថា ដោយឡែកស្តែងចេញតាមរយៈការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣កន្លងទៅ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ គឺបញ្ជាក់បានថា ប្រជាជនគ្រប់មជ្ឈដ្ឋានមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ ពិសេសយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលជាគន្លឹះ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍ធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាននូវសមិទ្ធផលនានា និងធានាបាននូវសុខ សន្តិភាព របស់កម្ពុជាជានិរន្តន៍។
ជាថ្មីម្តងទៀតប្រធានក្រុមយុវជនសង្គមស៊ីវិលសូមអំពាវនាវដល់បណ្តាប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន អង្គការ សមាគម ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទទួលបាននូវឱកាសអភិវឌ្ឍន៍សង្គមជាតិរួមគ្នា៕
ដោយ៖ពលជ័យ