កងរក្សាសន្តិភាពអង្គការសហប្រជាជាតិដកខ្លួនចេញពីកុងហ្គោ
គីនស្ហាសា៖ អង្គការសហប្រជាជាតិ ក្នុងថ្ងៃពុធ នឹងចាប់ផ្តើមដកកងកម្លាំងរក្សាសន្តិភាព ហៅកាត់ថា MONUSCO ចេញពីប្រទេសកុងហ្គោ ដោយប្រគល់មូលដ្ឋានយូអិនជាលើកដំបូង ទៅឱ្យប៉ូលីសជាតិគ្រប់គ្រងជំនួស។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីខែធ្នូឆ្នាំមុន ដើម្បីយល់ព្រមតាមការទាមទាររបស់រដ្ឋាភិបាលកុងហ្គោ ក្នុងការដកកងកម្លាំងបេសកកម្ម MONUSCO ម្តងបន្តិចៗ បន្ទាប់ពីត្រូវបានដាក់ពង្រាយកាលពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិបានដាក់ពង្រាយទាហានប្រហែល ១៣,៥០០នាក់ និងប៉ូលីសចំនួន ២,០០០នាក់ នៅទូទាំងខេត្តភាគខាងកើតនៃប្រទេសកុងហ្គោចំនួនបី មានដូចជាខេត្ត Ituri, South Kivu និង North Kivu។
ការដកខ្លួននេះ នឹងចាប់ផ្តើមដំណាក់កាលដំបូងចេញពីខេត្ត South Kivu ហើយដំណាក់កាលដកខ្លួនទីពីរ និងទីបី នឹងធ្វើឡើងនៅខេត្ត Ituri និងខេត្ត North Kivu។ ទន្ទឹមគ្នា អង្គការសហប្រជាជាតិបានទទូចថា កងកម្លាំងសន្តិសុខកុងហ្គោ ត្រូវតែពង្រឹង និងការពារជនស៊ីវិល ស្របពេលដែលកងកម្លាំងបេសកកម្ម MONUSCO ដកចេញ។ការប្រយុទ្ធគ្នានៅក្នុងប្រទេសកុងហ្គោ បានបណ្តាលឱ្យមនុស្សប្រហែល ៦លាននាក់បង្ខំចិត្តផ្លាស់ទីលំនៅ។
គួរបញ្ជាក់ថា ប្រទេសកុងហ្គោបានទាមទារឱ្យកងកម្លាំងរក្សាសន្តិភាពយូអិនដកខ្លួនចេញ បើទោះបីជាមានការព្រួយបារម្ភពីអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ខ្លាំងក្លានៅភាគខាងកើតនៃប្រទេសនេះក៏ដោយ។
កុងហ្គោបានចាត់ទុកកងកម្លាំងអង្គការសហប្រជាជាតិថា គ្មានប្រសិទ្ធភាព ក្នុងការការពារជនស៊ីវិលពីក្រុមប្រដាប់អាវុធ និងកងជីវពលដែលបង្កចលាចលនៅភាគខាងកើតនៃប្រទេសអស់រយៈពេលបីទសវត្សរ៍មកហើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា