សមត្ថកិច្ចបង្ហាញមុខជនសង្ស័យបួននាក់ និងថ្នាំញៀនមួយចំនួនធំដែលបង្ក្រាបបាននៅក្រុងបាវិត

ស្វាយរៀង៖ នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៤បានធ្វើការបង្ហាញមុខជន សង្ស័យ ជាជនជាតិវៀតណាមចំនួនបួននាក់និងគ្រឿងញៀនមួយចំនួនធំដែលសមត្ថកិច្ចបង្ក្រាបបាននៅក្រុងបាវិត ខេត្តស្វាយរៀងកាលពីពេលថ្មីៗនេះ។

នគរបាលជំនាញខេត្តស្វាយរៀងបានឱ្យដឹងថា ដោយមានការសម្រប សម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងអមសាលា ដំបូង ខេត្តស្វាយរៀងកាលពីថ្ងៃទី២៣-២៦ខែកុម្ភ:កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ ដោយ ខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយ គ្មានការអនុញ្ញាតនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់ បាវិត ក្រុងបាវិត ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបួននាក់(ស្រី០១នាក់)ជាជនជាតិវៀតណាម។ជនសង្ស័យ ៖១.ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ,២. ហ្វាម មិនថាំង ភេទប្រុស,៣. ឡេ ឌឹកជី ភេទប្រុសនិង៤. ហ្វាម ជូង៉ុក ភេទស្រី។ពួកគេស្នាក់នៅផ្ទះជួល ភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ចំពោះវត្ថុតាងនិងសម្ភារៈរួមមាន៖ ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៤៤ កញ្ចប់ ទម្ងន់ ៦៥,១៣ក្រាម ,ប្រភេទ កេតាមីនចំនួន០៧កញ្ចប់ ទម្ងន់ ៤៤៩,៣៨ក្រាម ,ថ្នាំគ្រាប់ ពណ៌ក្រហមប្រភេទMDMAចំនួន៣៤ គ្រាន់ទម្ងន់១៦,០២ ក្រាម ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមប្រភេទMDMAចំនួន១៤២ គ្រាប់ទម្ងន់ ២០,៤២ក្រាម ,ថ្នាំគ្រាប់ពណ៌លឿងប្រភេទMDMAចំនួន១៥៤ គ្រាប់ទម្ងន់ ៥០,៩៧ ក្រាម ,ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញា ទំពាំងបាយជូរប្រភេទMDMAចំនួន០៥ កញ្ចប់ទម្ងន់ ៨១,២១ក្រាម ,អុិចស្តាសុីគ្រាប់ទម្ងន់ ០,២៨ ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួនបី គ្រឿង ,អាវុធខ្លីបីដើម បង់គ្រាប់ , គ្រាប់ ២១គ្រាប់ ,ទូរសព្ទបួនគ្រឿង, ម៉ូតូប្រាំបីគ្រឿង,ប្រាក់ដុល្លា ១៨៤០ដុល្លារ,កាតធនាគារប្រាំ, លិខិត ឆ្លងដែនពីរក្បាល, អត្តសញ្ញាបណ្ណសញ្ជាតិវៀតណាមប្រាំពីរសន្លឹក ព្រមទាំងគ្រឿងអលង្ការ ឧបករណ៍ សម្ភារប្រើប្រាស់គ្រឿង ញៀន មួយ ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖នុត នាង

ads banner