ក្រុមបាល់ទះថ្នាក់ទី១០ នៃសាលា GVA លើកពាន បានថ្លែងថា កីឡាគឺជាផ្នែកមួយជួយគាំទ្រដល់ការសិក្សារបស់ពួកគេ
(ភ្នំពេញ)៖ ក្រោយចំណាយពេលធ្វើការប្រកួតប្រជែងអស់រយៈពេលជាង១០ថ្ងៃនៃការប្រកួតកីឡាបាល់ទះពានរង្វាន់GVAលើកទី១ ឆ្នាំ២០២៤ បានរកឃើញក្រុមជើងខ្លាំងដែលដណ្តើមបានជើងឯក ៣កម្រិតគឺថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ ។
សម្រាប់ក្រុមជើងឯកថ្នាក់បឋម ចំណាត់លេខ១បានទៅលើក្រុមបាល់ទះថ្នាក់ទី៦អេ និងក្រុមបាល់ទះដណ្តើមបានចំណាត់លេខ២ បានទៅលើក្រុមបាល់ទះថ្នាក់ទី៥អេ។

ក្រុមបាល់ទះជើងឯកថ្នាក់អនុវិទ្យាល័យ លេខ១បានទៅលើ ថ្នាក់ទី៩ប៊ី និងចំណាត់លេខ២ បានទៅលើថ្នាក់ទី៩អេ ។ដោយឡែកថ្នាក់វិទ្យាល័យក្រុមបាល់ទះជើងឯកផ្នែកបុរស ចំណាត់លេខ១ បានទៅលើក្រុមបាល់ទះថ្នាក់ទី១០ អេ និងចំណាត់លេខ២ បានទៅលើក្រុមបាល់ទះថ្នាក់ទី១២អេ ។
រីឯកបាល់ទះផ្នែកនារី ក្រុមជើងឯកបានទៅលើក្រុមបាល់ទះនារីអនុវិទ្យាល័យ ខណៈក្រុមបាល់ទះនារីចំណាត់លេខ២បានទៅលើក្រុមបាល់ទះនារីវិទ្យាល័យ។

ក្រុមបាល់ទះផ្នែកបុរស ដែលដណ្តើមបានជើងឯកកីឡាករ និងក្រុមបាល់ទះនារីឈ្នះជើងឯក បានបង្ហាញចំណាប់អារម្មណ៍ថា ពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ចំពោះជ័យជំនះមួយនេះ ព្រោះការប្រកួតវគ្គផ្តាច់ព្រ័ត្រទម្រាំទទួលបានជ័យជំនះ គឺមានភាពតានតឹងខ្លាំង។
ពួកគេបានចាត់ទុកការប្រកួតកីឡាដែលរៀបចំដោយសាលានេះ គឺជាផ្នែកមួយជួយគាំទ្រជម្រុញដល់ការសិកស្សារបស់ពួកគេ ព្រោះវាបានបង្ហាត់បង្រៀនឲ្យពួកគេចេះស្គាល់អ្វីទៅជាការរួមសាមគ្គីគ្នាជាក្រុមជាធ្លុងមួយឈានទៅរកជ័យជំនះ ។ ម្យ៉ាងវិញទៀត វាក៏ជួយឲ្យសុខភាពពួកគេរឹងមាំ និងបំបាត់នៅភាពតានតឹងក្នុងការសិក្សានាំឲ្យអារម្មណ៍ស្រស់ស្រាយផងដែរ ។

លោក ម៉ុន សុខជា នាយកសាលាGVA បានថ្លែង ការកោតសសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងប្រកួតរបស់ក្រុមបាល់ទះទាំងអស់ ទោះបីជាការប្រកួតដែលរៀបចំនៅក្នុងសាលាក៏ដោយ។
លោក សង្ឈឹមយ៉ាងមុតមាំថា បទពិសោធន៍ នៃការចូលរួមការប្រកួតរយៈពេលជាង១០ថ្ងៃកន្លងមកនេះ នឹងបង្ហាត់បង្រៀនសិស្សានុសិស្សដែលជាកីឡាករកីឡាការិនីបាល់ទះ ចេះរួបរួមសាមគ្គីភាព ចេះសហការគ្នាធ្វើការងារជាក្រុម និងផ្សារភ្ជាប់ការទំនាក់ទំល្អជាមួយគ្នា ។

នាយកសាលារូបនេះ បានលើកទឹកចិត្តឲ្យក្រុមដែលទទួលបានជ័យលាភីខិតខំហ្វឹកហាត់បន្ថែមទៀត រីឯក្រុមដែលមិនទទួលបានជ័យលាភីសូមកុំអស់សង្ឈឹមត្រូវបន្តហ្វឹកហាត់ព្រោះការប្រកួតមានចាញ់និងឈ្នះ ។ ចាញ់ថ្ងៃពេលនេះ ពេលក្រោយអាចនឹងឈ្នះមកវិញ ។
លោក អះអាងថា សាលាGVA នៅបំណាចឆ្នាំ នឹងរៀបចំការប្រកួតធំជាងនេះទៀត ដូច្នោះសូមក្មួយជាសិស្សត្រូវត្រៀមខ្លួនឲ្យបានល្អ ក្នុងការត្រៀមចូលរួមប្រកួតប្រជែង ដើម្បីស្តាមុខមាត់មកវិញ៕


រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ