នូវែលសេឡង់ចាត់តាំងក្រុមហាម៉ាស់ទាំងមូលជា “អង្គការភេរវករ”

វែលីងតោន៖ នូវែលសេឡង់ ក្នុងថ្ងៃព្រហស្បតិ៍នេះ ក្លាយជាប្រទេសលោកខាងលិចចុងក្រោយមួយ ដែលបានចាត់តាំងក្រុមហាម៉ាស់ទាំងមូលជា “អង្គការភេរវករ” បន្ទាប់ពីការវាយលុកឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលសម្លាប់មនុស្សប្រហែល ១,៤០០នាក់ និងជាង ២០០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ទន្ទឹមនឹងការចាត់តាំងនេះ រដ្ឋាភិបាលក៏ប្រកាសពីវិធានការ ដែលនឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហាម៉ាស់នៅក្នុងប្រទេសនូវែលសេឡង់ និងបម្រាមផ្តល់ជំនួយសម្ភារៈផងដែរ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់ក្នុងខែតុលា ឆ្នាំ២០២៣ នៅលើទឹកដីអ៊ីស្រាអែលើ បង្ហាញពីភាពសាហាវព្រៃផ្សៃ ដូច្នេះហើយយើងត្រូវតែថ្កោលទោសពួកគេ។

លោក Luxon បានសង្កត់ធ្ងន់ថា ការចាត់តាំងក្រុមហាម៉ាស់ទាំងមូល ជា “អង្គការភេរវករ” នាពេលនេះ មិនមែនជាការឆ្លុះបញ្ចាំងលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងជុំវិញពិភពលោកនោះទេ។ ហើយការកំណត់បែបនេះ ក៏មិនបញ្ឈប់នូវែលសេឡង់ពីការផ្តល់ជំនួយមនុស្សធម៌ និងការអភិវឌ្ឍន៍នាពេលអនាគត ដើម្បីផ្តល់ផលប្រយោជន៍ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សានោះដែរ។

នៅក្នុងថ្ងៃព្រហស្បតិ៍ដដែល នូវែលសេឡង់ក៏បានប្រកាសដាក់ទណ្ឌកម្មលើ អ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយមរាប់សិបនាក់ ដែលត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាលើពលរដ្ឋប៉ាឡេស្ទីនផងដែរ។ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters និយាយថា យើងកំពុងដាក់បម្រាមធ្វើដំណើរលើមនុស្សមួយចំនួន ដែលគេដឹងថា បានប្រព្រឹត្តអំពើហិង្សា។ បុគ្គលទាំងនេះនឹងមិនអាចធ្វើដំណើរមកកាន់ប្រទេសនូវែលសេឡង់បានឡើយ។

សូមរម្លឹកថា នូវែលសេឡង់បានចាត់តាំងកងពលតូច Qassam ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស់ ជា “អង្គភាពភេរវករ” តាំងពីឆ្នាំ២០១០៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner