អាមេរិកនឹងដឹកនាំប្រជុំកំពូលស្តីពី «ប្រជាធិបតេយ្យ» នៅកូរ៉េ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីដឹកនាំកិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ ជាលើកទីបី នាខែក្រោយនេះ។

លោក Antony Blinken បាននិយាយថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមីនា ដែលជាគំនិតផ្តួចផ្តើម របស់ប្រធានាធិបតី Joe Biden ។ លោក Blinken បានប្រាប់ពីដំណឹងនេះ ក្នុងពេលដែលលោកបានជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។ លោករដ្ឋមន្ត្រីបាននិយាយថា កិច្ចប្រជុំកំពូលនេះ គឺជាទីគោរពចំពោះបេះដូង របស់ប្រធានាធិបតី Biden។

សូមបញ្ជាក់ថា លោក Biden បានផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូល បែបនេះ ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០២១មក។

កូរ៉េខាងត្បូងបានក្លាយជាដៃគូដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីអភិរក្សនិយម គឺលោក Yoon Suk Yeol កំពុងពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ ជាមួយទីក្រុងវ៉ាស៊ីនតោន និងស្វែងរកការជួសជុលការប្រេះឆាជាប្រវត្តិសាស្ត្រ ជាមួយសម្ព័ន្ធមិត្តដ៏សំខាន់ របស់អាមេរិក នោះគឺសំដៅលើប្រទេសជប៉ុន។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae Yul បានប្រាប់ លោក Blinken ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល កំពុងជំរុញការថ្កោលទោសលើ«វោហាសាស្ត្រ និងសកម្មភាពបង្កហេតុកាន់តែខ្លាំងឡើង របស់កូរ៉េខាងជើង ដែលបំពានលើដំណោះស្រាយជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner