លិចទូកនៅសេណេហ្គាល់ សម្លាប់មនុស្ស២០នាក់
ក្រុមអ្នកជួយសង្គ្រោះបានទាញយកសាកសពជាង ២០ នាក់ ចេញពីសមុទ្រ នៅភាគខាងជើង ប្រទេសសេណេហ្គាល់ កាលពីថ្ងៃពុធ បន្ទាប់ពីទូកដឹកជនចំណាកស្រុកមួយគ្រឿងបានលិច។ ក្រៅពីស្លាប់មនុស្សទាំង២០នាក់នេះ គេក៏សង្ស័យថា មនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួនផងដែរ។
មន្ត្រីនៅ Saint-Louis ជាទីតាំងកើតហេតុ បាននិយាយថា មានមនុស្ស ២០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា ហើយក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់ និងកងទ័ពជើងទឹកដែលកំពុងស្វែងរក អ្នកបាត់ខ្លួនរហូតដល់ពេលយប់។
អ្នកនៅរស់រៀនមានជិវិតពីហេតុការណ៍នេះ បានប្រាប់ AFP ថា អ្នកជិះទូកនេះមានរាប់រយនាក់ហើយពួកគេបានចាកចេញពីប្រទេសសេណេហ្គាល់ មួយសប្តាហ៍មុន។
ឆ្នេរសមុទ្រនៃប្រទេសសេណេហ្គាល់ គឺជាទីសម្រាប់ជនចំណាកស្រុកអាហ្វ្រិកធ្វើដំណើរទៅកាន់កោះកាណារី អេស្ប៉ាញ ដែលជាច្រកចូលទៅតំបន់អឺរ៉ុប។ យោងតាមទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប ហៅកាត់ Frontex បានឲ្យដឹងថា សេណេហ្គាល់ និងម៉ារ៉ុក គឺជាជនជាតិដែលធ្វើចំណាកស្រុកច្រើនជាងគេ។
រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា នៅឆ្នាំ ២០២៣ ចំនួនជនចំណាកស្រុកដែលបានទៅដល់សហគមន៍ស្វយ័ត Canaries បានកើនឡើងបីដង ពោលគឺរហូតដល់ជិត ៤០០០០ នាក់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត