កំណត់ត្រាថ្មី! ភ្លើងឆេះព្រៃជិត ៣,០០០លើក លេបត្របាក់ព្រៃអាម៉ាហ្សូនប្រេស៊ីល ក្នុងខែកុម្ភៈ

ប្រាស៊ីលីយ៉ា៖ ភ្លើងឆេះព្រៃជិត ៣,០០០លើក ត្រូវបានចុះក្នុងបញ្ជីភ្លើងឆេះព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលក្នុងខែកុម្ភៈ ដែលនេះជាចំនួនខ្ពស់បំផុត ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមកាលពីឆ្នាំ១៩៩៩ ហើយការប្រែប្រួលអាកាសធាតុ អាចជាមូលហេតុនៅពីក្រោយ នេះបើតាមការអះអាងពីអ្នកជំនាញ។

វិទ្យាស្ថានស្រាវជ្រាវអវកាស Inpe របស់ប្រទេសប្រេស៊ីល ក្នុងថ្ងៃពុធ និយាយថា ផ្កាយរណបរបស់ខ្លួនថតបានភ្លើងឆេះព្រៃរហូតដល់ ២,៩៤០លើក គិតមកទល់ខែកុម្ភៈនេះ កើនឡើង ៦៧ភាគរយ ច្រើនជាងកម្រិតខ្ពស់ពីមុនដែលមានត្រឹម ១,៧៦១លើក ដែលបានកត់ត្រាក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងច្រើនជាង ៤ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

គ្រោះរាំងស្ងួតក៏បានរួមចំណែកបំផ្លិចបំផ្លាញព្រៃអាម៉ាហ្សូនប្រេស៊ីល នៅចន្លោះខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ ដោយវាបានបង្កឱ្យមានភ្លើងឆេះព្រៃដ៏ធំ ប៉ះពាល់ដល់ប្រភពទឹកបំរុងសំខាន់ៗ, បំផ្លាញជម្រក និងសម្លាប់ជីវិតសត្វព្រៃ ព្រមទាំងប៉ះពាល់ដល់មនុស្សរាប់លាននាក់។ ការសិក្សាមួយក្នុងខែមករាឆ្នាំនេះ ដោយអង្គការ World Weather Attribution (WWA) បានអះអាងថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាជំរុញសំខាន់នៃ “គ្រោះរាំងស្ងួត” នៅក្នុងព្រៃស្រូបទាញទឹកភ្លៀងដ៏ធំបំផុតរបស់ពិភពលោកនេះ។

តួលេខដែលចេញផ្សាយក្នុងខែមករា បានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ Amazon របស់ប្រទេសប្រេស៊ីល បានធ្លាក់ចុះពាក់កណ្តាលក្នុងឆ្នាំ២០២៣ នៅពេលដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បានជំរុញឱ្យប៉ូលីសបរិស្ថានចាត់វិធានការទប់ស្កាត់។

តួយ៉ាង ការត្រួតពិនិត្យតាមរយៈផ្កាយរណប បានរកឃើញគម្របព្រៃឈើមានទំហំ ៥,១៥២គីឡូម៉ែត្រការ៉េ ត្រូវបានបំផ្លាញនៅក្នុងផ្នែកព្រៃទឹកភ្លៀងរបស់ប្រេស៊ីលក្នុងឆ្នាំ២០២៣ តួលេខនេះធ្លាក់ចុះ ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ទន្ទឹមគ្នា ប្រធានាធិបតីប្រេស៊ីលក៏បានប្តេជ្ញាដែរថា នឹងបញ្ចប់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅទូទាំងប្រទេសក្នុងឆ្នាំ២០៣០ខាងមុខ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner