វេជ្ជបណ្ឌិតវ័យក្មេងរាប់ពាន់នាក់នៅរ៉េ ប្រឈមនឹងការចាប់ខ្លួន

កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានចាប់ខ្លួន ព្រមទាំងផ្តន្ទាទោសដល់ក្រុមវេជ្ជបណ្ឌិតវ័យក្មេង រាប់ពាន់នាក់ ដែលបន្តធ្វើកូដកម្ម មិនព្រមត្រលប់ទៅធ្វើការវិញ តាមការកំណត់។ នៅក្រោមច្បាប់ របស់កូរ៉េខាងត្បូង វេជ្ជបណ្ឌិតត្រូវបានរឹតបន្តឹង មិនឱ្យធ្វើកូដកម្ម។

រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ក្រុមវេជ្ជបណ្ឌិតធ្វើកូដកម្មភាគច្រើន មិនបានត្រឡប់មកធ្វើការវិញទេ ទោះបីជាដល់ពេលកំណត់ត្រឹមថ្ងៃព្រសហ្បតិ៍នេះ។ លោករដ្ឋមន្ត្រី Cho Kyoo-hong បានព្រមាន អំពីចំណាត់ការផ្លូវច្បាប់ ប្រសិនបើគ្រូពេទ្យទាំងនោះមិនបញ្ឈប់កូដកម្ម ដោយលោកអះអាងថា ទង្វើទាំងនេះបានធ្វើឱ្យមន្ទីរពេទ្យ ធ្លាក់ចូលក្នុងភាពវឹកវរ។ ការមិនចូលធ្វើការរបស់ក្រុមវេជ្ជបណ្ឌិតទាំងនោះ បានបណ្តាលឱ្យមានការលុបចោល និងការពន្យារពេលនៃការវះកាត់សម្រាប់អ្នកជំងឺមហារីក និង សម្រាប់ស្ត្រីមានផ្ទៃពោះជាដើម។

គួរបញ្ជាក់ថា វេជ្ជបណ្ឌិត វ័យក្មេងជិត ១ម៉ឺននាក់ ដែលស្មើនឹងប្រហែល ៨០ភាគរយនៃកម្លាំងវេជ្ជបណ្ឌិតសរុប បានដើរចេញពីការងារ កាលពីពេលថ្មីៗនេះ ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនការចូលរៀន នៅសាលាវេជ្ជសាស្ត្រ ដោយយកលេសថា ប្រឈមមុខនឹងការខ្វះខាតជំនាញនេះ បូករួមទាំងបញ្ហាសង្គម ផ្សេងៗទៀត។

ជុំវិញផែនការថ្មីរបស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី Cho Kyoo-hong បាននិយាយថា រដ្ឋាភិបាលប្តេជ្ញាចិត្តចំពោះផែនការកំណែទម្រង់របស់ខ្លួន ដែលនឹងបង្កើនការចូលរៀន នៅសាលាវេជ្ជសាស្ត្រចំនួន ៦៥ ភាគរយ ដោយលើកហេតុផលថា ខ្វះខាតអ្នកជំនាញផ្នែកសុខភាព និងវិបត្តិប្រជាសាស្រ្ត ដែលកំពុងកើនឡើង។

ការស្ទង់មតិបង្ហាញថា ៧៥ ភាគរយ នៃសាធារណជនកូរ៉េខាងត្បូង គាំទ្រការកែទម្រង់នេះ។ លោកប្រធានាធិបតី Yoon Suk Yeol ដែលបានប្រកាន់ជំហររឹងប៉ឹងលើវេជ្ជបណ្ឌិត ត្រូវបានគេស្ទង់មតិថា ប្រជាប្រិយភាពកើនឡើង តាមរយៈការដាក់ចេញវិធានការនេះ ជាកំណើន មុនពេលមានការបោះឆ្នោតសភា នាខែមេសា ខាងមុខ។

ប៉ុន្តែ ក្រុមវេជ្ជបណ្ឌិតនិយាយថា ផែនការនេះនឹងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃសេវាកម្ម ហើយក្រុមឧស្សាហកម្មវេជ្ជសាស្ត្របានរិះគន់ថា ជា«យុទ្ធសាស្ត្របំភិតបំភ័យ» របស់រដ្ឋាភិបាល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner