រដ្ឋមន្ត្រីកសិកម្មស្នើសមាគមអ្នកចិញ្ចឹមសត្វ រក្សាស្ថេរភាពផ្គត់ផ្គង់សាច់សត្វក្នុងស្រុក និងជំរុញនាំចេញទៅក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាទាំងអស់ បន្តរួបរួមសាមគ្គីគ្នា និងសហការគ្នា ដើម្បីពង្រឹងវិស័យនេះ ឱ្យកាន់តែមមានភាពរឹងមាំ និងធានាឱ្យមានការផ្គត់ផ្គង់ផលិតសាច់សត្វ ឱ្យបានស្ថិតស្ថេរនៅលើទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេសឱ្យកាន់តែច្រើនឡើង។ នេះជាមោទនភាពសម្រាប់ប្រទេសយើងផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្ដីពីឧត្តមភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជា នៅថ្ងៃទី២៩ ខែកុម្ភៈនេះ នៅភោជនីយដ្ឋានដឺព្រេមៀរសែនសុខ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា ក្នុងនាមសេនាធិការបស់រាជដ្ឋាភិបាលលើការងារកសិកម្ម បានអំពាវនាវដល់សហគ្រិនផ្នែកចិញ្ចឹមសត្វ និងបក្សីទាំងអស់ អនុវត្តការចិញ្ចឹមតាមបច្ចេកទេសទំនើប និងអនាម័យល្អ ដើម្បីធ្វើឱ្យផលិតផលសាច់សត្វខ្មែរ មានលក្ខណៈប្រកួតប្រជែង និងមានសុវត្ថិភាពចំណីអាហារ ដែលនេះជាឧត្តមភាពលើទីផ្សារក្នុងប្រទេស និងនៅក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ប្រសិនបើសហគ្រិនមានតម្រូវការបច្ចេកទេសណាមួយ លើការងារចិញ្ចឹមសត្វ សូមទំនាក់ទំនងមកក្រសួងកសិកម្ម នោះខាងនាយកដ្ឋានជំនាញរបស់ក្រសួងនឹងជួយផ្តល់ការគាំទ្រ និងបណ្តុះបណ្តាលដល់បងប្អូន តាមតម្រូវការ។ បន្ថែមលើនេះ ឯកឧត្តម ឌិត ទីណា ក៏បានអំពាវនាវដល់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ធនាគារ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមលើកគោលនយោបាយគាំទ្រដល់វិស័យចិញ្ចឹមសត្វប្រកបដោយភាពអនុគ្រោះ តាមមុខងារ និងបេសកម្មរបស់ខ្លួន ដើម្បីធ្វើឱ្យវិស័យនេះមានវឌ្ឍភាពប្រកបដោយចិរភាព និងរឹងមាំស្ថិតស្ថេរ។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់កសិករចិញ្ចឹមសត្វ ដែលជួបការលំបាកជាង១ឆ្នាំមកហើយ ពីព្រោះពេលនេះ ក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កំពុងខិតខំខ្នះខ្នះរហូតដល់ដាក់ចេញនូវវិធានការជាក់លាក់មួយចំនួន។ ហើយបើតាមស្ថានភាពនេះ មិនយូរទេ គឺអាចប្រហែលជាមួយខែទៀត វិស័យចិញ្ចឹមសត្វនៅកម្ពុជា នឹងអាចមានពន្លឺរស់រានមានជីវិតិឡើងវិញហើយ។

សូមបញ្ជាក់ថា ដោយសារតែសាច់បង្កកដែលពុំមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ត្រូវគេនាំចូលមកលក់ក្នុងតម្លៃថោកៗ បានធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជា ជួបការលំបាកខ្លាំង រហូតដល់កសិករចិញ្ចឹមសត្វជាលក្ខណៈគ្រួសារបានដួលរលំអស់ជាច្រើន គឺនៅសល់តែជាលក្ខណៈក្រុមហ៊ុនឧស្សាហកម្មប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងនានាកន្លងមក រាជរដ្ឋាភិបាលបានចេញបញ្ជាឱ្យផ្អាកការនាំចូលសាច់បង្កក៦ខែសិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃតី១២ ខែមីនាខាងមុខ។ ម្យ៉ាងទៀត អនុក្រឹត្យលេខ ១៧ ដែលកសិករឃ្នើសចិត្តយ៉ាងខ្លាំងនោះ ក៏ត្រូវបានកែប្រែឱ្យទៅជាអនុក្រឹត្យលេខ ៣៧០ ដែលផ្ដល់សិទ្ធិដល់ក្រសួងកសិកម្មគ្រប់គ្រងការនាំសាច់ចូលពីបរទេស។ ប្រការទាំងពីរនេះហើយ ដែលលោក ស្រ៊ុន ពៅ ជឿជាក់ថា នឹងផ្ដល់ដង្ហើមដល់កសិករចិញ្ចឹមសត្វនៅកម្ពុជាឡើងវិញ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner