នូវែលសេឡង់ផ្តល់ប្រាក់ ៦លានដុល្លារដល់ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ផ្ទុះភ្នំភ្លើង
វែលីងតោន៖ ជនរងគ្រោះ និងក្រុមគ្រួសារ ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយភ្នំភ្លើងក្នុងឆ្នាំ២០១៩ ដែលបានឆក់យកជីវិតមនុស្ស ២២នាក់ ក្នុងថ្ងៃសុក្រនេះ បានទទួលប្រាក់សំណងសរុបចំនួន ១០លានដុល្លារនូវែលសេឡង់ ឬប្រហែល ៦លានដុល្លារអាមេរិក។
ថវិកានេះត្រូវបានបង់ពីក្រុមហ៊ុនចំនួន៥ ដែលដឹកជញ្ជូនភ្ញៀវទេសចរចំនួន៤៧ នាក់ទៅកាន់កោះភ្នំភ្លើងក្នុងខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃដែលវាបានផ្ទុះឡើង។ នៅក្នុងគ្រោះមហន្តរាយនេះ អ្នករស់រានមានជីវិតជាច្រើននាក់ ក្នុងចំណោមមនុស្ស២៥នាក់បានរងរបួសធ្ងន់ធ្ងរ។
បន្ថែមពីលើការទូទាត់ប្រាក់សំណង ម្ចាស់កោះ Whakaari Management Limited រួមជាមួយនឹងក្រុមហ៊ុនទេសចរណ៍ White Island Tours និងក្រុមហ៊ុនឧទ្ធម្ភាគចក្រ Volcanic Air Safaris ដែលរៀបចំដំណើរទេសចរណ៍ទៅកាន់ភ្នំភ្លើងនោះ ក៏ទទួលរងការពិន័យផងដែរ។
លោក Evangelos Thomas ដែលជាចៅក្រមនៅក្នុងតុលាការនៃទីក្រុងអកលែនដ៍ (Auckland) និយាយថា ក្រុមហ៊ុននីមួយៗ ក្នុងចំណោមក្រុមហ៊ុនទាំង៥ដែលត្រូវបានកាត់ទោស បានរងការចោទប្រកាន់ពីបទបរាជ័យបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការវាយតម្លៃ និងកាត់បន្ថយហានិភ័យដល់ភ្ញៀវទេសចរ។ លោកបន្ថែមថា ការបរាជ័យនោះ បានធ្វើឲ្យអ្នកដទៃប្រឈមមុខនឹងការរងរបួសធ្ងន់ធ្ងរ ហើយឈានដល់ការបាត់បង់ជីវិត។
សូមរម្លឹកថា ភ្នំភ្លើងលើកោះ White Island បានផ្ទុះឡើងក្នុងកម្រិតបង្គួរ កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយវាបានជះកម្អែរផេះ និងកម្ទេចកម្ទីផ្សេងៗឡើងលើផ្ទៃអាកាសកម្ពស់ ៣,៦៦០ម៉ែត្រ ចំពេលមានភ្ញៀវទេសចរច្រើននាក់ កំពុងធ្វើដំណើរកម្សាន្តនៅលើកោះមួយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា