ទិន្នផលរោងចក្រចិនធ្លាក់ចុះក្នុងរយៈពេល ៥ខែជាប់ៗគ្នា
ប៉េកាំង៖ តួលេខផ្លូវការបានបង្ហាញឱ្យដឹងក្នុងថ្ងៃសុក្រនេះថា សកម្មភាពរោងចក្រនៅប្រទេសចិន បានបន្តធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នាគិតមកដល់ខែកុម្ភៈនេះ ខណៈដែលតម្រូវការធ្លាក់ចុះនៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ នៅតែបន្តអូសទាញកំណើន។
យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS) បានឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) ដែលជារង្វាស់សំខាន់នៃទិន្នផលរោងចក្រមានចំនួន ៤៩.១ភាគរយនៅក្នុងខែកុម្ភៈ។ តួលេខ PMI កើនឡើងលើសពី ៥០ភាគរយ បង្ហាញពីការពង្រីកសកម្មភាព ហើយបើក្រោម ៥០ភាគរយបង្ហាញពីការធ្លាក់ចុះ។
សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) គឺជាសូចនាករសេដ្ឋកិច្ច ដែលបានមកពីការស្ទង់មតិប្រចាំខែរបស់ក្រុមហ៊ុនផ្នែកឯកជននៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម។ វាផ្តល់ព័ត៌មានពីលក្ខខណ្ឌអាជីវកម្មបច្ចុប្បន្ន និងអនាគតដល់អ្នកវិភាគ និងអ្នកវិនិយោគ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តធ្វើអាជីវកម្មរបស់ក្រុមហ៊ុន។
PMI ប្រចាំខែរបស់ប្រទេសចិន បានកត់ត្រាពីការកើនឡើងជាវិជ្ជមានចំនួនពីរដងប៉ុណ្ណោះកាលពីឆ្នាំមុន ដែលភាគច្រើននៅក្នុងខែកញ្ញា។ ហើយចាប់តាំងពីពេលនោះមក សកម្មភាពរោងចក្ររបស់ប្រទេសចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយខែកុម្ភៈឆ្នាំនេះ គឺជាខែធ្លាក់ចុះជាប់ៗគ្នាលើកទី៥ហើយ។
សូមរម្លឹកថា កាលពីខែធ្នូ ឆ្នាំ២០២២ ប្រទេសចិនបានលុបចោលវិធានការដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់ជំងឺ Covid-19 ដែលបានដាក់បន្ទុកលើសេដ្ឋកិច្ចរបស់ខ្លួនអស់រយៈពេលជិត ៣ឆ្នាំ ព្រមជាមួយក្តីរំពឹងថា នឹងជួយដល់ការស្ទុះងើបឡើងវិញជានិរន្តរភាព។ ប៉ុន្តែក្តីសង្ឃឹមបែបនេះត្រូវបានបន្ទុចបង្អាក់ដោយកង្វះទំនុកចិត្តអ្នកប្រើប្រាស់ និងវិនិយោគិន, ភាពចលាចលដែលមិនធ្លាប់មានពីមុនមក ក្នុងវិស័យអចលនទ្រព្យ និងការកើនឡើងអត្រាគ្មានការងារធ្វើរបស់យុវជន។
ទន្ទឹមនឹងនេះ ការធ្លាក់ចុះជាសកលក៏កំពុងធ្វើឲ្យតម្រូវការផលិតផលចិននៅលើទីផ្សារបរទេសធ្លាក់ចុះផងដែរ។ ទោះបីជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងត្រៀមខ្លួន បង្ហាញពីគោលដៅសេដ្ឋកិច្ចជាផ្លូវការសម្រាប់ឆ្នាំបច្ចុប្បន្ន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ រួមទាំងទិសដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP)។ ប្រទេសចិនបានកត់សម្គាល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៥.២ភាគរយកាលពីឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា