មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ចង់ឃើញសាលារៀនទូទាំងខេត្តបន្ទាយមានជ័យ ក្លាយជា សាលាមានស្តង់ដារគំរូ
បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សេរី ជំនះ បានលើកទឹកចិត្តផង និងជំរុញផងដល់ មន្ត្រី អប់រំ និងគ្រូបង្រៀននៃខេត្តបន្ទាយមានជ័យឱ្យខិតខំធ្វើយ៉ាងណាឱ្យសាលារៀនទាំងអស់នៅខេត្តជាប់ព្រំដែន ថៃមួយនេះ ក្លាយជា សាលារៀនមាន ស្ដង់ដារគំរូ។
បំណងនេះត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុបការងារ អប់រំ ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលប្រជុំមន្ទីរអប់រំ យុវជននិង កីឡាខេត្តកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមាន អនុសាសន៍ លើកំណែទំរង់វិស័យអប់រំឱ្យ កាន់តែប្រសើរទ្វេឡើង។ តាមរយៈក្រសួងអប់រំត្រូវចលនាឱ្យតាមសាលានីមួយៗទៅជាស្តង់ដារសាលារៀនគំរូ នៅទូទាំង បណ្ដារាជធានី ខេត្ត ក្រុង ក្នុងគោលបំណង ពង្រឹងគុណភាពអប់រំកាន់តែប្រសើរឡើង ចាប់តាំងពីកម្រិតមតេ្តយ្យ សិក្សាដល់វិទ្យាល័យ។
ឯកឧត្តមបន្តថា ដើម្បីសាលារៀនគំរូគឺ ទី១. សាលារៀននីមួយៗ ត្រូវមានលទ្ធផលសិក្សារបស់សិស្សជាប់បាក់ឌុបច្រើន ដោយពិន្ទុ មធ្យមភាគលើសសាលាដទៃ ដោយមានសិស្សជាប់និទ្ទេសA, B, C ។ទី២. ការងារបង្រៀននិងរៀន បានល្អ។ទី៣. សាលាមានការ ចូលរួម ពីសហគមន៍ ក្នុងការជំរុញសិស្សឱ្យរៀនសូត្រគោរពវិន័យ សាលា។ទី៤. រដ្ឋបាលសាលាអនុវត្តបានលើការងារ គ្រប់គ្រង កសាងអភិវឌ្ឍនិង សាលារៀន មានអនាម័យបរិស្ថាន រួមទាំងអាហារូបត្ថម្ភកុមារ ការគិតគូរ សុខភាពសិស្សនិងទី៥. សាលារៀន បានមានគណនេយ្យភាព តម្លាភាព។
ឯកឧត្តមបន្តថា ទោះជាប្រើរយៈពេលពីរឆ្នាំឬបី, បួនឆ្នាំទៀត ក៏ដោយ បើមាន តាំងចិត្តមុតមាំខ្ពស់និងផ្អែ ក លើសក្ដានុពលរបស់ សាលារៀន នីមួយៗយើងពិតអាចធ្វើបាន។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានលើក ឡើងថា ខេត្តបន្ទាយមានជ័យមានសាលារៀនដែលត្រូវបានជ្រើស ជាសាលារៀនគំរូ សម្រាប់យកទៅធ្វើការវាយតម្លៃនៅក្នុងអង្គ សន្និបាតបូក សរុបការងារអប់រំទូទាំងប្រទេសនាពេលខាងមុខ មាន ចំនួន១០សាលា ។ក្នុងនោះមាន សាលាមតេយ្យស្រុកស្វាយចេក ចំនួនមួយ ,វិទ្យាល័យចំនួនប្រាំបី និងសាលាបឋមសិក្សាមួយ ដែល ស្ថិតនៅក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ អូរជ្រៅ ព្រះនេតព្រះនិងស្រុកមង្គលបូរី ៕
អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន