ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងប្រៃសណីយ៍ ឯកភាពគ្នាលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការដាក់ឱ្យប្រើថ្នាល ឬសេវា រដ្ឋាភិបាលឌីជីថល (DGPs)» ។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្មលើរំហូរការងារផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) ព្រមទាំងការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (DGPs) ថ្មីៗ ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាលដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដាលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ជាពិសេស នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ ឆ្នាំ២០២៤នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ទើបតែទទួលបាន មេដាយមាស (Gold Medal) កម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Award 2024) ដោយយកឈ្នះលើថ្នាលឌីជីថលរបស់ប្រទេសថៃ និងប្រទេសសិង្ហបុរី ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈរវាងស្ថាប័នទាំងពីរនាថ្ងៃនេះ នឹងអនុញ្ញាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជួយគាំទ្រលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្ម រដ្ឋាភិបាលឌីជីថលផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបង្កើនភាពឆាប់រហ័សនិងប្រសិទ្ធភាពនៃរំហូរការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការងារទូទៅ ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តឱ្យបានកាន់តែទូលំទូលាយ និងផ្តល់ភាពងាយស្រួលដល់អ្នកស្រាវជ្រាវ និងសាធារណជនក្នុងការស្វែងរកឯកសារ ជាពិសេស គឺការចូលរួមអនុវត្តអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី មានប្រសាសន៍គូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជានិមិត្តរូបបង្ហាញពីការប្តេជ្ញារួមសហការរវាងក្រសួង-ស្ថាប័នទាំងពីរ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី និងការរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ដែលជាទិសដៅយុទ្ធសាស្ត្រ និងជារបៀបវារៈគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

ក្នុងឱកាសនៃពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានប្រគល់នូវកុំព្យូទ័រមួយចំនួនជូនដល់ ឯកឧត្តម វង្សី វិស្សុត ដើម្បីគាំទ្រដល់គម្រោងកម្មវិធីជំរុញបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner