នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានចោរឆក់ពីរនាក់
ភ្នំពេញ៖ ជនសង្ស័យពីរនាក់សុទ្ធតែវ័យក្រោម២០ឆ្នាំ សកម្មខាងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ទីសាធារណៈ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ក្រោមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ប្រដេញតាមបង្ក្រាបចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទ នៅមុខអាកាសយានដ្ឋាន ភូមិព្រៃទា១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដេញរហូតដល់ ក្នុងបរិវេណវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ដកហូតបានទាំងម៉ូតូ ដែលជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។
ជនសង្ស័យទី១)ឈ្មោះ ចាន់ គង្គា ភេទប្រុស អាយុ១៧ឆ្នាំ និងទី២)ឈ្មោះ ញឹប បូរ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបានម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-2169 ជាមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជាសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទ នៅផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលដែលកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាលល្បាត បានប្រដេញតាមជនសង្ស័យបើករត់គេច រហូតចូលដល់បរិវេណវត្តអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានកម្លាំងប្រដេញតាមស្ទាក់ជនសង្ស័យភ័យផ្តួលម៉ូតូ ផ្លោះរបងវត្ត រត់កាត់វាលស្រែ កម្លាំងដេញតាមចាប់ខ្លួនបានទាំងពីរនាក់តែម្តង។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យទាំង២នាក់ រួមជាមួយម៉ូតូមួយគ្រឿង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕ធ.ដ