គណៈកម្មការតាមដាន និងត្រួងពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន បានពិភាក្សាអនុម័ត ផែនការអនុវត្តន៍ក្នុងការបង្កើតការងារ និងជំនាញជូនយុវជនក្នុងតំបន់អាស៊ាន

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីជាន់ខ្ពស់អាស៊ានបានជួបប្រជុំពិសេស នៃគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) នៅខេត្តសៀមរាប។ កិច្ចប្រជុំបានឯកភាពធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ដើម្បីធ្វើការបណ្តុះបណ្តាល និងទទួលស្គាល់អ្នកជំនាញក្នុងផ្នែកផ្សេងៗទៀតក្រៅពីផ្នែកសណ្ឋាគារ និងធ្វើដំណើរក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)។

កន្លងមក ប្រទេសសមាជិកអាស៊ានបានខិតខំធ្វើការបណ្តុះបណ្តាលយុវជនតាមស្តង់ដាររួមអាស៊ានលើមុខជំនាញចំនួន៣២ នៃសេវាកម្មសណ្ឋាគារ និងធ្វើដំណើរ ដោយអាស៊ានបានបណ្តុះបណ្តាលគ្រូ និងអ្នកវាយតម្លៃបង្គោលអាស៊ានដាក់ចុះអនុវត្តកម្មវិធីសិក្សារួមអាស៊ានជាដើម។ កម្ពុជាដែលត្រូវបានទទួលស្គាល់ដោយអាស៊ានថាមានភាពនាំមុខគេក្នុងការអនុវត្តស្តង់ដារបណ្តុះបណ្តាលខាងលើ បានបណ្តុះបណ្តាលគ្រូបង្គោលជាង៦០០នាក់ មានសិស្សនិស្សិតឆ្លងកាត់ការបណ្តុះបណ្តាលតាមកម្មវិធីអាស៊ានពេញលេញប្រមាណ៤០០០នាក់ ហើយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ភាគច្រើនបានអនុវត្តកម្មវិធីអាស៊ាននេះ។ កិច្ចប្រជុំពិសេសនៅខេត្តសៀមរាបនាពេលនេះ បានពិភាក្សាឯកភាពបន្ថែមជំនាញម៉ាស្សា និងជំនាញផ្នែករៀបចំព្រឹត្តិការណ៍ (MICE) ទៅក្នុងកិច្ចព្រមព្រៀង MRA នេះនៅពេលអនាគត ហើយ កម្ពុជាទទួលបន្ទុករៀបចំស្តង់ដារបណ្តុះបណ្តាលម៉ាស្សា។

សូមរំលឹកថា កិច្ចព្រមព្រៀង MRA មានគោលបំណងសម្រួលបំលាស់ទីការងារនៃអ្នកជំនាញអាស៊ាន (បច្ចុប្បន្នមាន៣២ជំនាញ) នៅក្នុងបណ្តាប្រទេសអាស៊ាន តាមច្បាប់នៃប្រទេសសមាជិកនីមួយៗ និងស្របតាមយន្តការអាស៊ាន។ យុវជនដែលអាចមានឱកាសបំលាស់ទី លុះត្រាតែឆ្លងកាត់ការបណ្តុះបណ្តាលតាមស្តង់ដារកម្មវិធីអាស៊ាន ឬមានការទទួលស្គាល់ដោយអាស៊ាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner