បរិក្ខារ បច្ច័យ និងទៀនព្រះវស្សា៤១គូ ត្រូវបានឯកឧត្ដម ខេង ស៊ុម យកទៅប្រគេន ព្រះសង្ឃចំនួន៤១វត្ត ក្នុងស្រុកព្រះនេតព្រះ សម្រាប់ទំនុកបម្រុងព្រះសង្ឃគង់ចាំព្រះវស្សា
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកព្រះនេត្រព្រះ រួមជាមួយក្រុមការងារលោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ កងកម្លាំងទាំង៣ប្រភេទ បាននាំយក បរិក្ខារ ទេយ្យទាន បច្ច័យ និងទៀនព្រះវស្សាចំនួន៤១គូ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាស នៅក្នុងវត្តជប់វ៉ារី ភូមិជប់វ៉ារី ឃុំភ្នុំជញ្ជាំង ស្រុកព្រះនេត្រះព្រះ ខេត្តបន្ទាយមានជ័យ និងធ្វើពិធីប្រគេន បរិក្ខារ ទេយ្យទាន បច្ច័យ និងទៀនព្រះវស្សាចំនួន៤១គូ បន្តដល់វត្តចំនួន៤១វត្តក្នុងស្រុកព្រះនេត្រព្រះ។ ក្នុង១វត្តទទួលបាន ទឹកសុទ្ធ២យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកត្រី ៥យួរ មី៥កេះ ទឹកក្រូច២កេស ទៀនវស្សា១គូស្លាដក៥ អង្ករ១ការុង និងថវិកា១០០,០០០រៀល ទាំង៤១វត្តសរុបជាទឹកប្រាក់ អស់ចំនួន ៣០,៩៩៦, ០០០រៀល។
ក្នុងពិធីនោះ ឯកឧត្ដម ខេង ស៊ុម បានមានប្រសាសន៍ថា រដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេសបាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមជាហូរហែ ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែប៉ុណ្ណោះ ព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេសខ្មែរមិនអាចនិមន្តចេញទៅបិណ្ឌបាទនៅទីណាបានឡើយ។ ក្នុងពេលចូលវស្សានេះ ពុទ្ធបរិស័ទតែងតែនាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។ ក្នុងនោះ ឯកឧត្ដម ខេង ស៊ុម បានលើកឡើងពីការរីកចម្រើន និងកំពុងអភិវឌ្ឍន៍ក្នុងខេត្តបន្ទាយមានជ័យ អំពីវិស័យពុទ្ធចក្រ វត្តអារាម និងព្រះសង្ឃជាដើម។
ឯកឧត្ដម ខេង ស៊ុម បានបញ្ជាក់ទៀតថា ទៀនវស្សា និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនាប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែកការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ។ ទៀនវស្សាដែលឯកឧត្ដម និងក្រុមការងារ យកទៅប្រគេនព្រះសង្ឃក្នុងវត្តនោះ មានចំនួន៤១វត្ត ហើយថ្ងៃនេះ ជាថ្ងៃត្រៀមចូលបុណ្យវស្សាដំបូងបង្អស់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្ដម ខេង ស៊ុម ក៏ចែកអំណោយជូនដល់អ្នកចូលជាច្រើនរយនាក់ ដោយម្នាក់ៗ ទទួលបានសារុង និងថវិកាចំនួន៥,០០០រៀលផងដែរ៕ធ.ដ
ដោយ៖ ឃិន គន្ធា