សមាគមពលរដ្ឋខ្មែរទាំង៥ នៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នឹងជួបជុំគ្នាបង្ហាញពីការគាំទ្រវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី
ភ្នំពេញ៖ ថ្នាក់ដឹកនាំសមាជិក-សមាជិកា និងប្រជាពលរដ្ឋ តំណាងឱ្យសមាគមពលរដ្ឋខ្មែរទាំង៥ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ រួមមាន៖ សមាគមខ្មែរ-អូស្ត្រាលី នៃរដ្ឋឃ្លីនស្លែនដ៏ សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង សមាគមពលរដ្ឋខ្មែរអូស្ត្រាលី រដ្ឋវិចតូរីយ៉ា សមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងតុន និងសមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី បានប្រកាសស្វាគមន៏និងគាំទ្រយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តនាដើមខែមីនា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងប្រជាពលរដ្ឋដ៏ច្រើនកុះករ តំណាងឱ្យសមាគម ពលរដ្ឋខ្មែរទាំង៥ ដែលធ្វើដំណើរពីទីក្រុងនានានៃប្រទេសអូស្ត្រាលី និងពីទីក្រុងនានានៃប្រទេសនូវ៉ែលហ្សឺឡង់មកកាន់ទីក្រុងម៉ែលប៊ននៃប្រទេសអូស្ត្រាលី នឹងប្រើប្រាស់សិទ្ធិរបស់ខ្លួន រៀបចំការជួបជុំគ្នានៅថ្ងៃទី២ និងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីប្រជុំជននៃទីក្រុងម៉ែលប៊ុន (Melboume CBD) ដើម្បីបង្ហាញការគាំទ្រ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី។
សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលបានធ្វើដំណើរមកកាន់ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី មកជួបជុំគ្នាតាមការកំណត់ខាងលើ ដើម្បីបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រ និងខ្លាំងក្លាបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ព្រោះនេះជាសិទ្ធិសេរីភាពរបស់បងប្អូន ក្នុងការឆ្លើយតបទៅនឹងបាតុកម្មណាមួយចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតីរបស់ក្រុមមួយក្តាប់តូចដែលមិនទទួលស្គាល់ការពិត ហើយសកម្មភាពរបស់ក្រុមនេះមិនបានឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់ប្រជាជនខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងអូវ៉ែលឡង់ នោះទេ៕