សហរដ្ឋអាមេរិកនឹងទម្លាក់ជំនួយពីលើអាកាសចូលតំបន់ហ្គាហ្សាឆាប់ៗនេះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃសុក្រ ប្រកាសថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមទម្លាក់ជំនួយមនុស្សធម៌ពីលើអាកាសចូលទៅក្នុងតំបន់ហ្គាហ្សានាពេលឆាប់ៗនេះ មួយថ្ងៃបន្ទាប់ពីការស្លាប់របស់ជនជាតិប៉ាឡេស្ទីនជាង ១០០នាក់ នៅពេលពួកគេដណ្តើមគ្នាយកជំនួយពីក្បួនរថយន្ត។

លោក បៃដិន ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ថា ប៉ុន្មានថ្ងៃខាងមុខ យើងនឹងចូលរួមជាមួយមិត្តរបស់យើងនៅហ៊្សកដានី និងអ្នកផ្សេងទៀត ដើម្បីផ្តល់ជំនួយជាស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់បន្ថែមទៀតពីលើអាកាសចូលទៅក្នុងតំបន់ហ្គាហ្សា។

លោក បៃដិន បន្តថា សហរដ្ឋអាមេរិកនឹងដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យជួយសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌នេះ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនជាង ១០០នាក់ត្រូវបានសម្លាប់ ខណៈពេលពួកគេដណ្តើមគ្នាយកជំនួយពីក្បួនរថយន្តកាលពីដើមសប្តាហ៍នេះ។

ប្រទេសមួយចំនួនបានថ្កោលទោសកងកម្លាំងអ៊ីស្រាអែលរួចទៅហើយ ចំពោះការបាញ់ប្រហារលើជនស៊ីវិលប៉ាឡេស្ទីន ដែលកំពុងរង់ចាំបើកស្បៀង និងជំនួយដ៏ទៃទៀតនៅហ្គាហ្សា។ ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានបង្ហាញតួលេខថា មនុស្សជាង ១០០នាក់ត្រូវបានសម្លាប់ និងជាង ៧៥០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍នោះ។

យ៉ាងណាមិញ អ៊ីស្រាអែលបានចេញមុខការពារខ្លួន ដោយនិយាយថា មនុស្សជាច្រើនត្រូវស្លាប់ ដោយសាររត់ជាន់គ្នាទេ ពេលដែលពួកគេសម្រុកចូលយកជំនួយ ហើយថា ទាហានរបស់ខ្លួនបាញ់កាំភ្លើង ពេលដែលពួកគេស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ប៉ុណ្ណោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner