សម្ដេចពិជ័យសេនា ទៀ បាញ់៖ នយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោ បាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិ
(ភ្នំពេញ)៖ ខ្សែចរន្តនៃនយោបាយឈ្នះឈ្នះ នៅតែស្ថិតក្នុងគោលនយោបាយជាតិ និងជាគោលដៅអភិវឌ្ឍតំបន់អតីតសមរភូមិឱ្យទៅជាទីឋានសុខដុម ការធ្វើឱ្យរីកចម្រើនក្នុង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលប្រការនេះ បង្កើតបានជាសមិទ្ធផលសម្រេចបានសម្រាប់ប្រជាជាតិជាបន្តបន្ទាប់ ក្នុងរយៈពេល ២៥ឆ្នាំនេះ ។
នេះគឺជាការលើកឡើងរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាប្រធានមូលនិធិទ្រទ្រង់ការសាងសង់វិមាន ស្តូបឈ្នះឈ្នះ ក្នុងឱកាសផ្សព្វផ្សាយការរៀបចំសមិទ្ធផលប្រវត្តិសាស្ត្រ «សួនតេជោសន្តិភាព»កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការពារជាតិ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា នយោបាយឈ្នះឈ្នះ បានប្រែក្លាយកម្ពុជាដែលពីអតីតកាលជាវាលពិឃាដ តំបន់អសន្តិសុខ ចម្ការមីន ដែលមនុស្សគ្រប់គ្នាមានការភ័យខ្លាច ក្លាយជាតំបន់ និងជាប្រទេសមានសន្តិភាពពេញលេញ និងជាទីតាំងតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ សម្តេចបន្តថា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ បានផ្តល់ជាកាលានុវត្តភាពជាច្រើនអានេក សម្រាប់ប្រជាជនកម្ពុជានូវសន្តិភាពទូទាំងប្រទេស ធ្វើឱ្យឈានទៅរកភាពរុងរឿងនៅក្នុងសង្គមគ្រួសា ជាមួយនឹងការអភិវឌ្ឍសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម កំណើនវិនិយោគិន លំហូរនៃវិស័យទេសចរណ៍ ដែលជាកត្តារុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន លូតលាស់ជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ជាក់ស្តែងបច្ចុប្បន្ននេះបណ្តាខេត្តជាច្រើនបាននឹងកំពុងប្រែក្លាយជាតំបន់គ្មានមីន និងធ្វើបដិវត្តកម្មទៅជាគោលដៅវិនិយោគ និងរីកចម្រើនប្រកបដោយសក្តានុពលខ្លាំងឡើង។ ត្រង់ចំណុចនេះ គឺជាតក្កវិជ្ជានៃនយោបាយឈ្នះឈ្នះ ពោលគឺបន្ទាប់ពីការបញ្ចប់សង្គ្រាមទាំងស្រុង និងទទួលបានសន្តិភាព ពេញលេញនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។
អតីតរដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបញ្ជាក់ថា ប្រការនេះមិនមែនជាការវាយតម្លៃខ្ពស់ពេក និងជ្រុលនិយមទេ ប៉ុន្តែគឺជាសច្ចភាព ដែលមាន និងផ្តល់ជូនមកវិញនូវការដឹងគុណ កតញ្ញូ និងការតបស្នងចំពោះគោលនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំប្រទេសកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុង និងបង្កើតបរិយាកាសសុខសន្តិភាពពេញផ្ទៃប្រទេស។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ផ្តើមចេញពីលទ្ធផលដ៏អស្ចារ្យនៃការអនុវត្តនយោបាយឈ្នះឈ្នះ ការយល់ពីបច្ច័យ និងផលនានាគួបផ្សំជាមួយសមិទ្ធផល នៃការស្រាវជ្រាវ និងចងក្រងសៀវភៅពាក់ព័ន្ធទៅនឹងគោលនយោបាយឈ្នះឈ្នះ បានផ្តល់ជាគោលគំនិតយ៉ាងសំខាន់ ក្នុងការសាងសង់វិមានឈ្នះឈ្នះ ឡើង និងឈានទៅសម្រេចបាននូវសំណង់ស្ថាបត្យកម្មមួយដែលមានលក្ខណៈជាសម្បត្តិសាធារណៈ អត្តសញ្ញាណ នៃវប្បធម៌ អរិយធម៌ រួមចំណែក និងចែករំលែកភាពកត្តញ្ញូ ព្រមទាំងជានិមិត្តរូប នៃសន្តិភាព ។ បច្ចុប្បន្ននេះ ក៏កំពុងតែបណ្តុះគ្រឹះឡើងនូវស្ថាបត្យកម្មស្តូបឈ្នះឈ្នះ នៅតំបន់ចំនួន ៣ទៀត គឺខេត្តកោះកុង ប៉ៃលិន និងអន្លង់វែង ដែលជាភូមិសាស្ត្រសំខាន់ៗនៃការអនុវត្តនយោបាយឈ្នះឈ្នះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សា ស្រាវជ្រាវ សាងសង់វិមានឈ្នះ ឈ្នះ បានគូសបញ្ជាក់ថា សួនតេជោសន្តិភាពនេះ រៀបចំកសាងឡើងតាមគំនិតផ្តួចផ្តើមនិងដឹកនាំផ្ទាល់របស់សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលរៀបរាប់អំពីដំណើរការនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ តាំងបង្ហាញជាតឹកតាងភូមិសាស្ត្រមួយចំនួន ដែលមានលក្ខណៈស៊ីគ្នាតាមភាពជាក់ស្តែងនៃប្រវត្តិកាលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៕
អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា