អ្នកនាំពាក្យក្រសួងព័ត៌មាន៖ការបញ្ឈប់ដំណើរការនៅចុងខែមីនាខាងមុខរបស់សារព័ត៌មានបោះពុម្ពភ្នំពេញបុស្តិ៍ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មានបានបរិយាយថា ការបញ្ឈប់ដំណើរការនៅចុងខែមីនាខាងមុខរបស់សារព័ត៌មានបោះពុម្ព ភ្នំពេញបុស្តិ៍ ដែលមានអាយុជាង៣០ឆ្នាំ ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី។
លោកបន្តថា ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ បានជួបផលវិបាកនានាដែលកើតចេញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាទំនើប។ក្នុងនោះប្រព័ន្ធ ផ្សព្វផ្សាយប្រពៃណីបានពើបប្រទះនឹងការថមថយនូវចំនួនអ្នកអាន អ្នកស្តាប់ អ្នកទស្សនាមួយផ្នែកដោយសារប្រជាជន បានងាកទៅរកប្រភពព័ត៌មានផ្សេងទៀតដែលផ្តល់តាមរយៈប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គមផងដែរ ។ការណ៍នេះបានរួមចំណែកបង្កផលវិបាកប៉ះពាល់ដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយផ្នែកបានមកពីសេវាផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មនានា ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។
![](https://asset.ams.com.kh/central/media/2024/03/1-2-683x1024.jpg)
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍បន្ថែមថា៖ ចេញពីព្រឹត្តិការណ៍នេះដែរ ចំណុចវិជ្ជមាននោះគឺសារព័ត៌មានភ្នំពេញបុស្តិ៍នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជននៅគ្រប់ទិសទី តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ដែលការនេះនឹងបន្តរួមចំណែកលើកស្ទួយការទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកឱ្យកាន់តែទូលំទូលាយថែមទៀតផង។
សូមបញ្ជាក់ថាបច្ចុប្បន្នសារព័ត៌មានបោះពុម្ពមានចំនួន៩២អង្គភាព។សារព័ត៌មានភ្នំពេញបុស្តិ៍ជាសារព័ត៌មានប្រពៃណីទីពីរដែល បានជួបនឹងផលវិបាកបែបនេះបន្ទាប់ពីកាសែតរស្មីកម្ពុជាបានបិទដំណើរការនៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ទាំងនេះជាឥទ្ធិពលនិងផលវិបាកដែលបានកើតចេញពីរបត់នៃការវិវត្តក្នុងយុគសម័យឌីជីថល។
កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងថា៖ ការណ៍ដែលក្រសួងព័ត៌មានបានធ្វើឱ្យ កាសែតកម្ពុជា ដែលជាកាសែតរបស់រដ្ឋមានអាយុ៤៥ឆ្នាំនិងគ្រប់គ្រងដោយក្រសួងព័ត៌មានបានដំណើរការផ្សាយឡើងវិញក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺដោយសារក្រសួងបានប្រមើមើលឃើញពីស្ថានភាពអាក្រក់ដែលកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងបរិបទនៃការរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ គឺកាសែតកម្ពុជានេះហើយជាតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់កម្ពុជាក្នុងនាមជាសារព័ត៌មានជាតិដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជាជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ នេះជាលទ្ធផលដ៏សំខាន់មួយរបស់ក្រសួងព័ត៌មានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗបានបន្សល់ទុកឱ្យ ព្រមទាំងដើម្បីការពារកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ សម្រាប់ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន។
អ្នកនាំពាក្យក្រសួងព័ត៌មានបានអត្ថាធិប្បាយបន្ថែមទៀតថាការរីកចម្រើននៃវិស័យឌីជីថលក៏បាន បង្កនូវកាលានុវត្តភាពថ្មីៗសម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវបត់បែន និងចាប់យកឱកាសនៃភាពរីកចម្រើននេះមកជាប្រយោជន៍សម្រាប់វិស័យព័ត៌មាន ដោយត្រូវផ្តោតនិងជំរុញបន្ថែមលើការផលិត និងផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាព ពោលគឺ៖ “ការផ្សព្វផ្សាយលឿនជាមួយនឹងខ្លឹមសារព័ត៌មាន វិជ្ជាជីវៈដែលមានភាពទាក់ទាញទទួលបានភាពជឿជាក់បានពីសំណាក់ប្រជាជនដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល”។ ជាមោទនភាពសម្រាប់ជាតិកម្ពុជា កាសែតកម្ពុជា ដែលមានអាយុជាងបួនទសវត្សហើយបាននិងកំពុងមានដំណើរការ ផ្សាយយ៉ាងរលូន រួមជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាន និងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅទាំងក្នុងនិងក្រៅប្រទេសស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួនកំពុងប្រឈមនឹងផលវិបាក ។ ជាក់ស្តែង ស្របពេលដែលមធ្យោបាយនៃការផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ ជាពិសេសការរីកចម្រើននៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់បានពង្រីកលទ្ធភាព វិសាលភាព និងពង្រឹងសមត្ថភាពក្នុងការផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក(Facebook) ឆាណែលតេឡេក្រាម ,យូធូប(YouTube), X(Twitter) តិកតុក(TikTok) និង អ៊ីនស្តាក្រាម(Instagram) ដោយបានពង្រឹងគុណភាពនៃការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកម្សាន្តយ៉ាងសម្បូរបែបផ្សេងទៀត សម្រាប់បង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្របនឹងតម្រូវការ និងការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក្រសួងព័ត៌មានបានពង្រីកការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរសព្ទដៃAPP MoINFO បានយ៉ាងទូលំទូលាយថែមទៀតផង។
លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ទៀតថា កិច្ចខិតខំទាំងនេះស្ថិតក្នុងចំណោមយុទ្ធសាស្ត្រអាទិភាពក្នុងក្របខ័ណ្ឌដែលក្រសួងព័ត៌មាននៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនឲ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ ក្នុងនោះការផ្តោតលើការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីធានាការទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ សម្រាប់ប្រជាជននៅគ្រប់ទិសទី តាមតម្រូវការ និងទាន់ហេតុការណ៍ ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» និងសម្រាប់គាំទ្រដល់ការធ្វើសមារហណកម្មសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។ លោកបន្តថា ការណ៍នេះទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទពង្រឹង និងពង្រីកវិសាលភាព និងគុណភាពផ្សាយប្រកបដោយភាពច្នៃប្រឌិតក្នុងក្របខណ្ឌនៃការលើកកម្ពស់ក្រមសីលធម៌វិជា្ជជីវៈសារព័ត៌មាន ហើយរួមចំណែកក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ការការពារ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕ដោយ៖ពលជ័យ