សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ប្រាប់ប្រជាពលរដ្ឋនៅអូស្ត្រាលី និងណូវែលហ្សេឡង់ អំពីគោលនយោបាយជាយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ថា រដ្ឋាភិបាលអាណត្តទី៧ នេះ គឺដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដែលដាក់ទិសដៅធំទី១. កំណើនសេដ្ឋកិច្ច ទី២. បង្កើតការងារឲ្យបានច្រើន ទី៣. សមធម៌នៅក្នុងការបែងចែកភាគលាភ ទី៤. ប្រសិទ្ធភាព ឲ្យស្ថាប័នរដ្ឋធ្វើការងារឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាជន និងការទទួលខសុត្រូវ និងទី៥. គឺឲ្យមានចេរភាព។ ពិធីសំណេះសំណាលនេះ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា អាទិភាពគន្លឹះដែលផ្តោត ៥អាទិភាព គឺទី១. មនុស្ស ទី២. ផ្លូវ ទី៣. ទឹក ទី៤. ភ្លើង និងទី៥. បច្ចេកវិទ្យា។ ដោយសម្តេចបានលើកឡើងនូវចំណុចទី១ និងទី២ គឺទី១. មនុស្សផ្តោតទៅលើសុខភាព និងសមត្ថភាព និងឱកាស។ ហើយសុខភាពប្រជាណសំខាន់ណាស់ និងទី២. ផ្លូវ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។

កិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែង ការណ៍ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។

ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្ដម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី និងសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនង ទ្វេភាគីបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner