រាជរដ្ឋាភិបាល បានផ្ទេរអំណាចមកឱ្យគណៈអភិបាលរាជធានី ខេត្ត ស្រុក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

(បន្ទាយមានជ័យ)៖ ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មអំណាចមកឱ្យគណៈអភិបាលរាជធានី ខេត្ត ស្រុក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

កិច្ចការនេះរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់អនុវត្តដោយសុក្រិត អនុលោមតាមសេចក្ដីណែនាំរបស់ក្រសួងមុខងារសាធារណៈ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរ ឯការផ្លាស់ប្តូរគឺផ្អែកលើគោលការណ៍អាណត្តិ ដែលត្រូវបំពេញ ហើយទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧប្បនិស្ស័យ បុគ្គលដែលត្រូវតែងតាំង ឬផ្ទេរភារកិច្ចឬប្រគល់ភារៈកិច្ចនោះមានដូចក្នុងព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងចូលកាន់មុខតំណែងជាអភិបាលរងស្រុកក្រុងមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុ រាត្រី បញ្ជាក់ថា ក្របខ័ណ្ឌនីមួយៗ គឺជាបុគ្គលប្រកបដោយគុណសម្បត្តិ មានសមត្ថភាពដឹកនាំគ្រប់គ្រង មានគំនិតផ្ដួចផ្ដើម ក្នុងការអនុវត្តការងារ មានក្រមសីលធម៌ មានសាមគ្គីល្អ និងមានមនសិការវិជ្ជាជីវៈ ក្នុងនោះស្ត្រីត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពដល់ការតែងតាំង មុខតំណែង ដើម្បីឆ្លើយតបនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅកម្ពុជា ។

យោងតាម ប្រកាសក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមមាន ៖ តែងតាំង នាយករដ្ឋបាលស្រុកថ្មពួក ១រូប ,ផ្ទេភារកិច្ចមន្ត្រីរាជការ នៃខេត្តបន្ទាយមានជ័យ ចំនួន ៩រូប និង តែងតាំងមន្ត្រីរាជការ ចំនួន ៥រូប ជាអភិបានរងស្រុក នៃខេត្តបន្ទាយមានជ័យ ៕

ដោយ ៖ ឃិន គន្ធា

ads banner