តួកគីចាប់ខ្លួនមនុស្ស៧នាក់ សង្ស័យធ្វើចារកម្មឱ្យអ៊ីស្រាអែល

អង់ការ៉ា៖ រដ្ឋាភិបាលតួកគី ក្នុងថ្ងៃអង្គារ និយាយថា ពួកគេបានចាប់ឃុំខ្លួនមនុស្សចំនួន ៧នាក់ រួមទាំងអ្នកស៊ើបអង្កេតពិសេសម្នាក់ ដែលត្រូវបានគេសង្ស័យថា ធ្វើចារកម្មឱ្យសេវាចារកម្ម Mossad របស់អ៊ីស្រាអែល។

ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu រាយការណ៍ថា ទីភ្នាក់ងារចារកម្មតួកគី និងប៉ូលិសប្រឆាំងភេរវកម្មនៅទីក្រុងអ៊ីស្តង់ប៊ុល បានឱ្យដឹងថា ក្រុមជនសង្ស័យដែលត្រូវចាប់ឃុំខ្លួនបានលួចបញ្ជូនព័ត៌មានសម្ងាត់ទៅឱ្យសេវាចារកម្ម Mossad របស់អ៊ីស្រាអែល ដើម្បីជាថ្នូនឹងប្រាក់។

ប្រតិបត្តិការវាយឆ្មក់នេះ កើតឡើងបន្ទាប់ពីអាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្សចំនួន ៣៤នាក់ក្នុងខែមករាដើមឆ្នាំនេះ ដែលសង្ស័យថា មានផែនការចាប់ពង្រត់ និងធ្វើចារកម្មឱ្យ Mossad។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងតួកគី និងអ៊ីស្រាអែលបានជួបភាពតានតឹង បន្ទាប់ពីផ្ទុះសង្គ្រាមនៅតំបន់ហ្គាហ្សាក្នុងរយៈពេលជិត៥ខែមុន។ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានក្លាយទៅជាអ្នករិះគន់ដ៏ធំបំផុតរបស់ពិភពលោក ទៅលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។

លោក អឺដូហ្កាន់ ក៏បានស្នើឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ីស្រាអែល បញ្ឈប់ការគាំទ្ររបស់ពួកគេ ចំពោះ “អំពើភេរវកម្មរបស់រដ្ឋមួយនេះ” ទៅលើប្រជាជននៅតំបន់ហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner