កម្ពុជា មានផែនការបណ្តុះបណ្តាលធនធានមនុស្សយ៉ាងតិច ១០ម៉ឺននាក់នៅលើវិស័យបច្ចេកវិទ្យាឌីជីថល នៅរយៈពេល ១០ឆ្នាំខាងមុខ
(ភ្នំពេញ) ៖ គោលដៅកម្ពុជា នឹងប្រែក្លាយ ទៅជាសេដ្ឋកិច្ច និងសង្គម ឌីជីថលនៅឆ្នាំ២០៣៥ ។ ដើម្បីប្រែក្លាយទៅជាសង្គមសេដ្ឋកិច្ច ឌីជីថលបាន ត្រូវមានតួអង្គសំខាន់ៗចូលរួម ក្នុងនោះ រដ្ឋាភិបាលត្រូវតែជារដ្ឋាភិបាលឌីជីថល ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ តាមប្រពន្ធ័អនឡាញ ដែលឆាប់ងាយទទួលបាន គ្មានអំពើពុករលួយ កាត់បន្ថយការប្រើប្រាស់ក្រដាស់សៀវភៅ ដោយងាកមកបំពេញការងារតាមរយៈប្រព័ន្ធ ដែលជាការផ្លាស់ប្ដូរការងារពីដៃ ទៅជាឌីជីថលទាំងអស់ ហើយ គោលដៅយើង នៅរយៈពេល ១៥ ឆ្នាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា មានផែនការបណ្តុះបណ្តាលធនធានមនុស្សយ៉ាងតិចអោយបាន ១០ម៉ឺននាក់នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋក្លាយទៅជាបលរដ្ឋឌីជីថល ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ៣០០នាក់ កំពុងសិក្សាឆ្នាំទី១ នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ គឺបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon) ។
ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ការប្រែក្លាយរដ្ឋាភិបាល សេដ្ឋកិច្ច ធូរកិច្ច លើបច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍ និង ពង្រឹងអភិវឌ្ឍន៍ទៅដល់សាកលវិទ្យាល័យ ដោយនិងខិតខំធ្វើការបណ្តុះបណ្តាលទី១ កម្រិតបរិញ្ញាបត្រ ទី២ បរិញ្ញាបត្រជាន់ខ្ពស និងឈានទៅថ្នាក់បណ្ឌិត ដើម្បីជំរុញដល់យុវជន និស្សិតអាចឈានដល់កម្រិតសិក្សាដែលខ្លួនអាចចាប់យកបាន ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត គូសបញ្ចាក់ថា សាសាបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថល (CADT)និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការទទួលការបណ្តុះបណ្តាលគ្រូផ្នែកឌីជីថល នៅពេលបញ្ចប់ការសិក្សាអាចចេញទៅបណ្តុះបណ្តាលនៅតាមបណ្ដាសាលាសាកលវិទ្យាល័យផ្សេងៗ ដើម្បីជំរុញឱ្យធនធានមនុស្ស មានគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នៅក្នុងតំណាក់កាលថ្មី ដែលពឹងផ្អែកទៅលើបច្ចេកវិទ្យាឌីជីថល ពីចំនួនធនធានមនុស្ស ១០ម៉ឺន ឈានទៅ ២០ម៉ឺននាក់ នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជំរុញដល់និស្សិត យុវជន ទាំងអស់ ត្រូវរៀនប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ឱ្យទាន់សម័យកាលអភិវឌ្ឍន៍ថ្មីៗ អាចចូលទៅសិក្សា តាមបណ្តាញតេឡេក្រាម (Telegarm) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយក្រុមការងារជំនាញក្រសួងមានអត្ថបទខ្លីៗ ដែលមានអត្ថប្រយោជន៍ទៅការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាសកម្មភាព បច្ចេកវិទ្យាថ្មីៗ ដែលមាននៅក្នុងនេះស្រាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា ដើម្បីជំរុញឱ្យការផ្សព្វផ្សាយផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យកាន់តែយល់ច្បាស់ពីបច្ចេកវិទ្យាឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានរៀបចំ វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដោយពិធីបើក ការទស្សនាពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យារដ្ឋាភិបាលឌីជីថលធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត។
វេទិការយៈពេលបីថ្ងៃនេះ ក៏និងអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមទស្សនាដោយសេរី ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ H-L រាជធានីភ្នំពេញ ៕
ដោយ ៖ ង៉ាន់ ទិត្យ








