ប្រធានអង្គការផ្កាយសមុទ្រនិយាយថា កីឡាបាល់ទាត់បានជួយពង្រឹងភាពក្លាហានជួយឲ្យស្រ្តីរឹងមាំ
(ភ្នំពេញ)៖ ថ្លែងនាឱកាសបើកការប្រកួតបាល់ទាត់ស្រ្តីលើកទី១៤ អបអរសាទរទិវាសិទ្ធិនារីអងន្តរជាតិ ៨មីនា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជាបានថ្លែងថា កីឡាបាល់ទាត់មិនមែនមានតែបុរសនោះទេ នារីក៏អាចលេងបានដែរ ។ នេះជាការប្រកួតលើកទី១៤ សម្រាប់ការប្រកួតបាល់ទាត់នារីដែលអង្គការផ្កាយសមុទ្របានរៀបចំឡើង ដែលភ្ជាប់ជាមួយនិងការចូលរួមអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំ២០៤ ។
លោក ប្រធានអង្គការផ្កាយសមុទ្រ បានគូសបញ្ជាក់ថា ការផ្តល់ឱកាសឲ្យស្រី្តបានលេងកីឡាបាល់ទាត់នេះ គឺជាការផ្តល់បទពិសោធន៍មួយយ៉ាងល្អសម្រាប់ស្រ្តី ព្រោះកីឡាបាល់ទាត់បានជួយឲ្យពួកគាត់ជានារីភេទមានភាពក្លាហានហ៊ានប្រឈមមុខនិងឧបស្គ និងចេះដោះស្រាយចំពោះបញ្ហាដែលកើតឡើងនៅក្នុងជីវិតរស់នៅ ។
កីឡាការិនី ឈឿន នីតា មកពីអង្គការផ្កាយសមុទ្រសាខាស្ទឹងមានជ័យ បានថ្លែងលើកឡើងដែរថា កីឡាបាល់ទាត់បានជួយច្រើនណាស់សម្រាប់រូបនាងដូចជាសុខភាព ធ្វើឲ្យនាងបានស្គាល់មិត្តភ័ក្កបង្កើតបាននូវមិត្តភាព និងជួយបង្រៀននាងអំពីការដឹកនាំដែលជួយពង្រឹងឲ្យនាងជាស្រ្តីមានភាពក្លាហានមិនទន់ជ្រាយ គឺបុរសធ្វើបាននារីក៏ធ្វើបានដែរ ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ស្រ្តីដែលអង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំឡើងក្នុងឆ្នាំ២០២៤នេះ គឺជាពានរង្វាន់លើកទី១៤ មានក្រុមបាល់ទាត់ជាស្រ្តីចូលរួមចំនួន៤២ក្រុមមកពី១០រាជធានីខេត្ត ក្នុងគោលបំណងដើម្បីឲ្យស្រ្តីបានលេងកីឡាបាល់ទាត់ និងពង្រឹងភាពក្លាយហាន ឲ្យស្រ្តីចេះដោះស្រាយបញ្ហាដែលកើតមាននៅក្នុងជីវិតរស់នៅ ៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ







