បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ចាត់ទុកទិវាការស្ដាប់ឮកម្ពុជា ជាការបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីការស្តាប់ឮ ដល់សាធារណជន និងអ្នកផ្តល់សេវាសុខាភិបាល

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានមានប្រសាសន៍ចាត់ទុកទិវាការស្ដាប់ឮកម្ពុជា ពិតជាមានសារៈសំខាន់ ដើម្បីបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីការស្តាប់ឮ ដល់សាធារណជន និងអ្នកផ្តល់សេវាសុខាភិបាល ។

ឯកឧត្ដម សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា សហស្ថាបនិកអង្គការរក្សាកុមារ បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលអង្គការរក្សាកុមារបានរៀបចំទិវាការស្ដាប់ឮកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ចូរផ្លាស់ប្តូរផ្នត់គំនិតៈ កោះធ្វើឲ្យការថែទាំត្រចៀក និងការស្តាប់ឮ ក្លាយជាការពិតដើម្បីទាំងអស់គ្នា” នៅសួនសត្វសាហ្វារីភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាមួយលោក ឈឹម គឹម ហ៊ាន និង លោកស្រី កែប ច័ន្ទសមា ស្ថាបនិកនិងនាយកប្រតិបត្តិរងនៃអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា និងមានការចូលរួមពីបណ្តាកុមារដែលមានបញ្ហាស្តាប់ឮប្រមាណ ១០០នាក់ និងពីបណ្តាអង្គការស្ថាប័នផ្សេងៗប្រមាណជា ៣០០នាក់ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ផ្ទាល់ ក្នុងន័យលើកទឹកចិត្តដល់ក្មួយៗដែលបានចូលរួមក្នុងទិវានេះ ។ ឯកឧត្តម បានចាត់ទុកទិវានេះ ពិតជាមានសារៈសំខាន់ណាស់ ដែលលោកជំទាវ ជា សិរី បង្កើត និងជំរុញឲ្យមានទិវានេះ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមការងារស្ម័គ្រចិត្ត ដែលបានមកជួយដល់ការងារនេះ ។

ឯកឧត្តម បានគូបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងជួបជាមួយភាគីក្រសួងសុខាភិបាល ដោយនឹងសួរទៅឯកឧត្តមរដ្ឋមន្ត្រីថា តើយើងមានលទ្ធភាពអ្វី ដែលអាចជួយឱ្យអ្នកមានបញ្ហាត្រចៀក ។ ឯកឧត្តម បានលើកទឹកចិត្តដល់ក្មួយៗ សូមកុំទាន់អស់សង្ឃឹម ជីវិតនៅមានន័យ ព្រោះយើងនៅក្មេងៗណាស់ សំខាន់ក្មួយៗត្រូវខិតខំរៀន ដើម្បីធ្វើយ៉ាងណាឱ្យមានលទ្ធភាពបញ្ចេញអ្វីដែលខ្លួនឯងចង់និយាយ ។ ដូច្នេះយើងជាមនុស្ស យើងមិនត្រូវអស់សង្ឃឹមនោះទេ។ យើងអត់មួយ តែយើងមានមួយ ។ ហើយក្នុងនេះ យើងអត់តែមួយទេ ប៉ុន្តែយើងនៅមានបួនទៀត ដោយក្មួយៗអាចស្ទាបបាន ។ ហើយយើងត្រូវគិតពីអ្វីដែលយើងមាន ព្រោះយើងមានវិញ្ញាណ ៤ទៀត ដែលយើងអាចពង្រឹងឲ្យទៅជាខ្លាំងក្លាបាន ហើយយើងយកកម្លាំង បញ្ញារបស់យើងនោះ ទៅពង្រឹងវិញ្ញាណ ៤នោះ។ ដែលអាចធ្វើឲ្យយើងក្លាយជាមនុស្សមួយដែលសង្គមទទួលស្គាល់ សង្គមគោរពមិនមែនគេគោរពយើងជាជនពិការទេ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានបន្តថា ដើម្បីចូលរួមចំណែកលើកស្ទួយ លើកទឹកចិត្ត ក៏ដូចជាជួយផ្សព្វផ្សាយបន្ថែមអំពីការ ថែទាំការស្តាប់ឮ អង្គការរក្សាកុមារ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរបស់ លោកជំទាវបណ្ឌិត ជា សិរី បានរៀបចំទិវាស្ដាប់ឮជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា ស្របតាមការកំណត់របស់អង្គការសុខភាពពិភពលោក។ គួរបញ្ជាក់ផងដែរថា ទិវាស្ដាប់ឮតែងត្រូវបានប្រារព្ធឡើងជាប្រចាំឆ្នាំនៅលើសកលលោក ដោយកំណត់យកថ្ងៃទី៣ ខែមីនា ដែលអាចចូលរួមរៀបចំដោយ ក្រុមហ៊ុន អង្គការ សមាគម ឬស្ថាប័នរដ្ឋជាដើម ។

សូមជម្រាបថា ទិវាការស្តាប់ឮកម្ពុជាលើកទី៧ ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ខាង លើនេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ “ចូរផ្លាស់ប្តូរផ្នត់គំនិតៈ នោះធ្វើឲ្យការថែទាំត្រចៀក និង ការស្តាប់ឮក្លាយជាការពិតដើម្បីទាំងអស់គ្នា” ដើម្បីបង្កើនការយល់ដឹងនិងការចែករំលែកព័ត៌មានអំពី ការស្តាប់ឮ ដល់សាធារណជននិងអ្នកផ្តល់សេវាសុខាភិបាល។ ជាក់ស្តែង អង្គការសុខភាពពិភព លោក បានបញ្ជាក់ថា ៨០% នៃប្រជានជនលើពិភពលោក ដែលទាមទារតម្លៃទាំការស្ដាប់ឮ ពុំទទួល បានការថែទាំនោះទេ ដែលបញ្ហានេះត្រូវការថវិកាប្រមាណមួយទ្រីលានដុល្លាអាមេរិក ដើម្បីដោះស្រាយ។ បញ្ហាស្លាប់ឮ មិនមែនជាបញ្ហាដែលប៉ះពាល់តែសរីរាង្គកាយប៉ុណ្ណោះទេ តែវាក៏អាចបណ្តាលអោយ មានបញ្ហាផ្លូវចិត្ត ដោយសារការទទួលយកមិនបាននូវព័ត៌មាន និងឧបសគ្គក្នុងទំនាក់ទំនង។ ដូចនេះ គោលបំណងនៃទិវាស្ដាប់ឮសម្រាប់ឆ្នាំនេះ គឺផ្តល់នូវព័ត៌មានជាក់លាក់ សម្រាប់ជំរុញឲ្យសាធារណជន ក៏ដូចជាសង្គមនិងរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើការផ្តល់សេវា ថែទាំត្រចៀកនិងការស្តាប់ឮឲ្យ មានបរិយាបន្នខ្ពស់។

នៅក្នុងប្រទេសកម្ពុជាផ្ទាល់ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា បានចូលរួមជួយផ្តល់ការថែទាំ ការស្លាប់ឮដល់អ្នកជម្ងឺប្រមាណ ២៥ ០០០នាក់ តាំងពីឆ្នាំ២០២០ មក។ ជាមួយគ្នានេះ អង្គការ គ្រួសារថ្មី ដែលបានចូលរួមនៅក្នុងកម្មវិធីនាថ្ងៃនេះផងដែរ ក៏បានចូលរួមជួយដល់កុមារដែលមាន បញ្ហាស្ដាប់ឮប្រហែល ៦៥០ នាក់ ដែលក្នុងនោះ ២០០ នាក់ នៅសាលាអប់រំពិសេសភ្នំពេញថ្មី និងមាន កុមារនៅបណ្តាសាលាផ្សេងៗ ទៀត រួមមាន សាលានៅច្បារអំពៅ សៀមរាប បាត់ដំបង និងកំពង់ចាម។ យ៉ាងណាមិញ តម្រូវការនៃតម្លៃទាំការស្តាប់ឮ ទាំងនៅតាមបណ្តាគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានសុខាភិបាល នៅតែមានតម្រូវការបន្ថែមជាចាំបាច់ តាមតម្រូវការជាក់ស្តែង ដើម្បីការការពារ ការថែទាំ និងការ ព្យាបាល ដែលគួរតែត្រូវបានចាត់ទុកថា ជាតម្រូវការមូលដ្ឋាន និងចាំបាច់ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner