គណបក្សប្រជាជនកម្ពុជា ជួយសង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតឡើងវិញ ពីរបប ប៉ុល ពត មានជីវភាពរុងរឿង និងការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃនេះ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃ ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម សុខ ចិន្តាសោភា បន្តថា គណបក្សប្រជាជនកម្ពុជា បានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត លើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។

ឯកឧត្តមប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ ដោយបានថ្លែងអំណរគុណដល់ឪពុកម្តាយទាំងអស់ដែលបានបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន។ ក្នុងបរិបទបច្ចុប្បន្ននេះ សិស្សានុសិស្សមិនត្រឹមតែត្រូវមានចំណេះដឹងមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលទៀតផង ។

ឯកឧត្តមប្រធាន និងអនុប្រធានក្រុមការងារបានប្រគល់បាច់ផ្កាជូនតំណាងនារី និងការឧបត្ថម្ភមួយចំនួន ដល់គណៈចលនានារីស្រុក-ឃុំ កុមារី ក្រុមកីឡាករ និងកីឡាការិនី និងគ្រូបង្វឹក ព្រមទាំងឧបត្ថម្ភកំព្យូទ័រយួរដៃចំនួន ១០គ្រឿងដល់ចលនានារីឃុំសម្រាប់ទុកបម្រើការផងដែរ។

នៅក្នុងកម្មវិធីនេះ លោកជំទាវ រ័ត្ន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ។

ក្រោយការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងាររួច ក៏មានកម្មវិធីពិសារអាហារសាមគ្គីរួមគ្នាផងដែរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner