កម្ពុជា កំពុងបន្តអភិវឌ្ឍកីឡាកម្រិតខ្ពស់ជាមួយមហាមិត្តចិនគោលដៅត្រៀមស៊ីហ្គេមនៅថៃ និងកីឡាយុវជនអាស៊ីឆ្នាំ២០២៩កម្ពុជាធ្វើជាម្ចាស់ផ្ទះ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា នាព្រឹកថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Wang Peng លេខាទី១ ស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីជជែកគ្នាអំពីការរៀបចំគម្រោងស្នើសុំអាហារូបករណ៍ និងបញ្ជូនក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃឆ្នាំ២០២៥ និងត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មូលហេតុដែលកម្ពុជាស្នើរសុំភាគីចិន ឲ្យបន្ត ជួយដល់កម្ពុជាលើកម្មវិធីហ្វឹកហាត់កីឡាកម្រិតខ្ពស់ដល់អត្តពលិកជម្រើសជាតិកម្ពុជានៅប្រទេសចិនរយៈពេលវែងបន្តទៀតនេះ ដោយសារតែកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះ ត្រចង់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ជោគជ័យទាំងនេះ គឺកម្ពជាបានបញ្ជូនអត្តពលិកជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេស ចិនមុនការប្រកួត ហើយ ផលទទួលបានត្រឡប់មកវិញនោះ កម្ពុជាទទួលបានសមិទ្ធផលជោគជ័យដែលមិននឹកស្មានដល់ឡើយ។ហេតុនេះហើយ ដើម្បីឲ្យកម្ពុជានៅតែបន្តនូវសិទ្ធផលជោគនេះបន្តទៀត យើងត្រូវតែបញ្ជូនអត្តពលជម្រើស ជាតិយើងទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែងជាបន្តទៀត ដើម្បីធានាបាននូវការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយត្រៀមទទួលធ្វើម្ចាស់ផ្ទះផង និងការប្រកួតប្រជែងមេដាយផង។ ដូច្នេះការចាប់ដៃគូជាមួយប្រទេសជាតិមិត្ដ ក្នុងកិច្ចសហប្រតិបត្តិការលើការងារនេះ ពិសេសប្រទេសចិន គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា។

មន្ដ្រីកីឡាជាន់ខ្ពស់កម្ពុជាខាងលើបានឲ្យដឹងថា កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅយ៉ាងរលូន ក្រោមការជំរុញ និងចង្អុលបង្ហាញពីឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម ដើម្បីជំរុញការអភិវឌ្ឍ កីឡាជំនាញកម្រិតខ្ពស់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ នាឆ្នាំ២០២៩ ដែលកម្ពុជានឹង ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី៤៥ប្រទេស និងការប្រកួតស៊ីហ្គេមជាដើម។

ឯកឧត្តម រដ្ឋលេខាធិកា បានបញ្ជាក់ទៀតថា បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ដែលទទួលបានការគាំទ្រពីមន្ដ្រីជាន់ខ្ពស់ នៃស្ថានទូតចិននៅកម្ពុជា នាពេលឆាប់ៗខាងមុខ ប្រតិភូកីឡាជាន់ខ្ពស់របស់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន នឹងមានដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីធ្វើការពិភាក្សាផ្លាស់ប្ដូរគ្នា ឬក៏អាចឈានទៅដល់ការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយរដ្ឋបាលកីឡាចិន លើកិច្ចសហប្រតិបត្តិការគ្នាទៅលើការអភិវឌ្ឍវិស័យ កីឡាកម្រិតខ្ពស់នេះផងដែរ។

សូមបញ្ជាក់ថា ចំពោះគម្រោងរៀបចំស្នើសុំអាហារូបករណ៍ដល់ក្រុមជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់រយៈពេលវែងនៅចិននេះ គឺមានទាំងអត្តពលិកពេញវ័យ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ២ឆ្នាំម្ដងផង និងថ្នាលយុវជចន្លោះអាយុ ១២ឆ្នាំ ទៅ ១៣ឆ្នាំ ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផង។ តាមគម្រោងកម្ពុជា នឹងស្នើសុំអត្តពលិកប្រមាណ ១៦០នាក់ លើ ២២ប្រទេសកីឡា ទាំងកីឡាជាក្រុម និងកីឡាឯកត្តជន ដើម្បីបញ្ជូនទៅហ្វឹកហាត់ ចាប់ពីឆ្នាំ២០២៤ នេះ រហូតដល់ឆ្នាំ២០២៩៕

រូបភាពជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner