ឯកឧត្តមបណ្ឌិត សម តារា ស្នើដល់ស្ត្រីត្រូវសិក្សារៀនសូត្របន្ថែម ដើរឲ្យទាន់បរិវត្តកម្មឌីជីថល ដើម្បីប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ

អត្ថបទដោយ៖
នុត នាង

(ស្វាយរៀង)៖ ស្ត្រីត្រូវសិក្សារៀនសូត្របន្ថែមអំពីបច្ចេកវិទ្យា ដើម្បីដើរឲ្យទាន់បរិវត្តកម្មឌីជីថលក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ឲ្យមានប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនាឆ្នាំ ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល នាព្រឹកថ្ងៃទី ១១ ខែមីនាឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីឯកឧត្តមប៊ុន សាវ៉ាន់សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ,លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងលោកជំទាវជាភរិយាលោកបណ្ឌិតសម តារា ព្រមទាំងលោកស្រីជាអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមបណ្ឌិតក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោកស្រីដែលជាអភិបាលរងនិងសមាជិកក្រុមប្រឹក្សាស្រុក,សមាជិកក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកំពង់រោទិ៍ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំ កំពូល។ ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាផងដែរ។

ឯកឧត្តមបណ្ឌិតក៏បានណែនាំដល់ស្ត្រីត្រូវថែរក្សាសុខភាពឱ្យបានល្អ ស្រ្តីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូលក៏មាន សុខភាពល្អ មានសុភមង្គល និងមានឱកាស ចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិបានដោយរលូនផងដែរ។

ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់អ្នកប្រើប្រាស់ប្រព័ន្ធអុិនធឺណែត ត្រូវផ្តោត ការ យកចិត្តទុក្ខខ្ពស់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះ ត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ព្រោះថា បចេ្ចកវិទ្យាក៏បានជួយសម្រួលដល់ការបម្រើការងារប្រចាំថ្ងៃ ប៉ុន្តែបច្ចេកវិទ្យាក៏អាចធ្វើឱ្យអ្នកប្រើប្រាស់មានបញ្ហានោះដែរ ប្រសិនបើយើងប្រើប្រាស់ដោយខ្វះការពិចារណានិងមិនចំគោលដៅ។

ឯកឧត្តមបណ្ឌិតសម តារា និងលោកជំទាវ ក៏បានឧបត្ថម្ភដល់ស្ត្រីដែលបានចូលរួមក្នុងម្នាក់ៗទទួលបានសារុង១និងថវិកា ៥ ម៉ឺនរៀលព្រមទាំងផ្ដល់អាហារសម្រន់និងភេសជ្ជៈផងដែរ៕

ដោយ ៖ នុត នាង

ads banner