សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ សាសនិកអ៊ិស្លាម ក្នុងឱកាសបួសខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋ
(ភ្នំពេញ)៖ យោងតាមបណ្តាញសង្គមតេលេក្រាមនៅព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ចំពោះបងប្អូនសាសនិកខ្មែរអ៊ិស្លាម នៅក្នុងនិងក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកអ៊ិស្លាម នៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាអ៊ិស្លាម។

សម្តេចធិបតី លើកឡើងថា តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរអ៊ិស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកអ៊ិស្លាម នៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាអ៊ិស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានមានប្រសាសន៍ថា ខ្ញុំសូមផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនខ្មែរអ៊ិស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់ លើការដឹកនាំរបស់ខ្ញុំ, របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ។

សម្ដេចធិបតី បានបន្តថា ដោយបន្តពីរាជរដ្ឋាភិបាល នីតិកាលមុន និងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់បងប្អូន សាសនិកអ៊ិស្លាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល នឹងរៀបចំពិធីពិសាអាហារ ស្រាយបួសខែរ៉ម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨ នៅរាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួម ជាភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ៦.២០០នាក់។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្នាំនេះក៏មានមិត្តភក្ដិបរទេស នឹងមកចូលរួមទាំងនៅក្នុង និងក្រៅប្រទេសប្រមាណជាង ៤០០នាក់ មកពី ៣៩ ជាតិសាសន៍ ជាពិសេសមានតំណាង លោកអគ្គលេខាធិការអង្គការ សហប្រតិបត្តិការឥស្លាម (OIC), លោក Wan Muhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និង អតីត-ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជិតខាង មកចូលរួមជាច្រើនផងដែរ។

សម្ដេចនាយករដ្ឋមន្ត្រី សូមជូនពរដល់បងប្អូនខ្មែរអ៊ិស្លាមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងអ៊ិស្លាម លើសកលលោកសូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាអ៊ិស្លាម អំឡុងខែបួសរ៉ម៉ាឌនឆ្នាំ ២០២៤ នេះ កុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ
