សហភាពអឺរ៉ុបបញ្ជាក់ពីភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជា
ភ្នំពេញ៖ លោកស្រី JUTTA URPILAINEN ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយកម្ពុជាជា ប្រទេសដំបូងដែលលោកស្រីបានមកក្នុងតំបន់អាស៊ាន។ ដំណើរទស្សនកិច្ចនេះ បានផ្តល់បទពិសោធន៍ជាច្រើន។ វាជាកិត្តិយសណាស់ដែលបានជួបដៃគូជាច្រើនក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មិនថារដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល និងយុវជន។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានបិទនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
លោកស្រី JUTTA URPILAINEN បានបន្តថា កម្ពុជាមានការរីកចម្រើនជាលំដាប់ ការជួបគ្នាទាំងនេះបានតំណាងឱ្យឱកាសដើម្បីចាប់យកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងសហភាពអឺរ៉ុប និងចាប់ផ្តើមគំនិតផ្តួចផ្តើមថ្មីៗដើម្បីជំរុញការវិនិយោគបន្ថែមទៀត។ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានជំរុញប្រជាជនរាប់លាននាក់ឱ្យចេញពីភាពក្រីក្រក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ។ ជាមួយនឹងការបញ្ចប់ពីភាពជាប្រទេសអភិវឌ្ឍន៍តិចតួចនៅពេលខាងមុខនេះ កម្ពុជាស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់។ សហភាពអឺរ៉ុបបញ្ជាក់ឡើងវិញនូវភាពជាដៃគូរបស់ខ្លួនជាមួយកម្ពុជានៅក្នុងដំណាក់កាលអន្តរកាលនេះ។
ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមទីមួយគឺផ្តោតលើ “កសិ-ពាណិជ្ជកម្មបៃតង និងការងារសមរម្យ” នឹងកៀងគរថវិកា ចំនួន មួយពាន់លានអឺរ៉ូ ហើយមួយទៀតគឺផ្តោតលើ “រោងចក្របៃតង និងការងារសមរម្យ” ដែលនឹង កៀងគរថវិកាចំនួន ៤០០លានអឺរ៉ូ។ គំនិតផ្តួចផ្តើមទាំងនេះគាំទ្រដល់ចីរភាព កសិ-ពាណិជ្ជកម្មបៃតង រោងចក្របៃតង និងការទទួល បានការងារសមរម្យ។ គំនិតផ្ដួចផ្ដើមទាំងពីរនេះ លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃដែលមានចីរភាពនៅក្នុងវិ ស័យផលិតភាពដែលបានជ្រើសរើស ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ៕
ដោយ៖ពលជ័យ