សម្តេច ម៉ែន សំអន គាំទ្រដល់ក្លឹបសរសេរកូដជាស្រ្តីដំបូងនៅកម្ពុជា ដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យានាសម័យបច្ចុប្បន្ន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឲ្យមានការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ជាលទ្ធផលការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គមនិងសេវាសាធារណៈមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណនិងគុណភាព។

បរិវត្តកម្មឌីជីថល នឹងប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យទៅជាពលរដ្ឋឌីជីថល ដែលមាន សមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលមក ប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ សំដៅបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្នាំ២០៣០ និង២០៥០។

ចំណែកឯការអប់រំឌីជីថល គឺជាកត្តាគន្លឹះនៃចំណុចចាប់ផ្តើមការធ្វើបរិវត្តកម្មឌីជីថល ដោយភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំនៅកម្រិតសាលារៀនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍគន្លងអាជីពសម្រាប់កម្លាំងពលកម្មទីផ្សារការងារជាក់ស្តែង។ ការបង្កើនចំនួនសិស្ស-និស្សិតនារីចាប់យកជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សំដៅបង្កើនការទទួលខុសត្រូវនិងការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ដែលនាំឱ្យកាត់បន្ថយគម្លាតចំណេះដឹងបច្ចេកវិទ្យារវាងបុរស និងស្ត្រី។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រដល់ក្លឹបសរសេរកូដជាស្រ្តីដំបូងនៅកម្ពុជា ដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យានាសម័យបច្ខុប្បន្ន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner