ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ផ្តល់តម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្តម Chang Won Sam បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបផងដែរថា កម្ពុជាជាប្រទេសទីមួយ ដែល ឯកឧត្តមបានមកបំពេញទស្សនកិច្ចក្នុងតំបន់អាស៊ី ចាប់តាំងពីឯកឧត្តមបំពេញតួនាទីជាប្រធាន KOICA កាលពីឆ្នាំ២០២៣។

ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី កម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តមប្រធាន បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជាម្តងកាលពីឆ្នាំ២០០៦ ហើយតាមរយៈទស្សនកិច្ចលើកនេះ ឯកឧត្តមបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា ដែលនេះបង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កម្ពុជា និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយឯកឧត្តម មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតផងដែរ។

ឯកឧត្តមប្រធាន ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា រដ្ឋាភិបាលកូរ៉េបានឈ្វេងយល់យ៉ាងច្បាស់អំពីការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ហើយ KOICA បានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ (១) ការប្តេជ្ញាបន្តផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា (២) ការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដល់កម្ពុជា និង (3) ការប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការ តាមរយៈការបន្ស៊ីគ្នារវាងកម្មវិធិអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅ និងចក្ខុវិស័យរបស់កម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមប្រធាន ក៏បានបង្ហាញពីការបន្តជួយគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងបានសម្តែងនូវការកោតសរសើរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាពេលខាងមុខនេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្ដម Chang Won Sam និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ព្រមទាំងបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ KOICA ក្នុងការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៧ នឹង បន្តការអភិវឌ្ឍនូវគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដើម្បីសម្រេចបាននូវ ចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយរាជរដ្ឋាភិបាល បានដាក់ ចេញនូវវិធានគន្លឹះទាំង៥ និងគោលនយោបាយអាទិភាពទាំង៦ ដោយផ្តោតលើការអភិវឌ្ឍ មូល ធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងភាពធន់។

ជាងនេះទៅទៀត សម្តេចធិបតី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ដែល បាន ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner